រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញនិងលើកទឹកចិត្តដល់ក្រុមការងារសាងសង់អគារថ្មី ចំណុះឱ្យក្រសួង មានបទដ្ឋានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងរឹងមាំ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានត្រួតពិនិត្យការដ្ឋានសាងសង់អគារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង សោតទស្សន៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានជំរុញនិងលើកទឹកចិត្ត ដល់ក្រុមការងារសាងសង់ទាំង អស់ក្នុងការធ្វើយ៉ាងណា ប្រឹងប្រែងកសាងអគារថ្មីទាំង២អគ្គនាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មាន មានលក្ខណ:ឱ្យស្រមតាមបទដ្ឋានស្តង់ដារបច្ចេកទេសនៃ សំណង់អគារឱ្យបានត្រឹមត្រូវនិងរឹងមាំ ដើម្បីប្រើបាស់បានយូរអង្វែង។

បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ក្នុងរយៈពេល ២ ឆ្នាំ នឹងធ្វើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ អគ្គនាយកដ្ឋានទីភ្នាក់ងារសារ ព័ត៌មានកម្ពុជាមានអគារថ្មីសម្រាប់បំពេញកិច្ចការងារទៅតាមផ្នែក តាមជំនាញ នីមួយៗកាន់តែល្អ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ច ការងារជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និង សោតទស្សន៍ កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្រប តាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ។

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ មានព្រិត្តការណ៍ធំៗជាច្រើន ទាំងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច អភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ជាច្រើនបាន ប្រារព្ធធ្វើឡើង ហើយរាល់ព្រិត្តការណ៍ទាំងអស់នេះ ប្រព័ន្ធផ្សព្វផ្សាយ ទាំងនៅថ្នាក់ជាតិ និង ក្រោមជាតិ បានយកចិត្តទុកដាក់ ផ្សាយបានទាន់ពេលវេលា ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យប្រជាពលរដ្ឋ គ្រប់ទិសទី បានដឹងបានយល់ តាមរបៀបផ្សាយប្រទាក់ ក្រឡាគ្នា ពីថ្នាក់ជាតិ ទៅថ្នាក់រាជធានី និងថ្នាក់ខេត្ត និងពីថ្នាក់ខេត្ត មកថ្នាក់រាជធានី។

បច្ចុប្បន្ននៅក្នុងបរិវេណក្រសួងព័ត៌មាន មានអគារធំៗ គឺ ទីស្តីការក្រសួង អគារ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគារអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។អគារថ្មីដែលកំពុងសាងសង់វិញមាន បន្ទប់សាលប្រជុំធំ រួមទាំងបន្ទប់សំខាន់ៗជាច្រើនទៀត ដែលបម្រើឱ្យការងារព័ត៌មាន និង សោតទស្សន៍ ព្រមទាំងបង្កភាពងាយស្រួលដល់សាធារណ:ជនខាងក្រៅ ការមកធ្វើ ទំនាក់ទំនងការងារ បានដោយងាយស្រួល និងឆាប់រហ័សជាងមុន។

សូមបញ្ជាក់ថា អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង សោតទស្សន៍ត្រូវបានរៀបចំធ្វើ ពិធីក្រុងពាលី ចាប់ពីដំណើរការ បើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩។ បើតាមការបញ្ជាក់របស់ គណៈកម្មការសាងសង់បានឱ្យដឹងថា អគារថ្មី នេះ មានកម្ពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារ ជាង ៣០០បន្ទប់។ អាគារនេះសាងសង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុប សហការ ជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ហើយគ្រោងរួចរាល់រយៈពេល២៤ខែ គិតមកដល់ពេលនេះសម្រេចបានប្រមាណ៣០ភាគរយហើយ៕


ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ខឹម សុវណ្ណារ៉ា