ប្រជាកសិករខេត្តស្ទឹងត្រែងប្រមូលផលស្រូវស្រាលនិងស្រូវកណ្តាល បានជាង៦៥ភាគរយហើយ

 

វិទ្យុជាតិកម្ពុជា  គឹមហឿន 

ស្ទឹងត្រែង ៖ គិតមកដល់ពាក់កណ្តាលខែវិច្ឆិកានេះ ប្រជាកសិករនៅខេត្តស្ទឹងត្រែង ប្រមូលផលស្រូវស្រាលនិងស្រូវកណ្តាល បានជាង៦៥ភាគរយហើយ  ជាមួយនឹងទិន្នផលល្អប្រសើរ។

ក្នុងសកម្មភាពប្រមូលផលស្រូវនៅភូមិ  ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោកយ៉ន ប៊ុនថន កសិករនៅភូមិឃុំនេះ បានបញ្ជាក់ថា៖ នៅឆ្នាំនេះភាគច្រើនកសិករបាននាំគ្នាដាំដុះស្រូវកណ្តាល ច្រើនជាងស្រូវស្រាល ដូចជា ស្រូវរំដួល ផ្កាម្លិះ សែនពិដោរ  សែនក្រអូប នាងអំ និង ស្រូវអំបើស ឬស្រូវរមើសជាពូជស្រូវជនជាតិរយៈពេលខ្លី ។

       លោកអះអាងថាដំណាំស្រូវកសិករនៅតាមបណ្តាឃុំនីមួយៗទទួលបានទិន្នផលល្អ ព្រោះមានភ្លៀងគ្រប់គ្រាន់នៅចុងរដូវ  ហើយកសិករក៏សប្បាយចិត្តព្រោះផលស្រូវលក់បានតម្លៃខ្ពស់ចាប់ពី១.១០០រៀលទៅ១.៣០០រៀល។

   លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានទទួលស្គាល់ថា ឆ្នាំនេះគួបផ្សំអាកាសធាតុមានអំណោយផល បានធ្វើឱ្យគ្រប់ដំណាំកសិកម្ម មានភាពលូតលាស់ល្អ ហើយសង្ឃឹមថាបងប្អូនយើងមានជីវភាពធូរធារ។

លោកស្នើឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវចុះពិនិត្យមើលស្រែស្រូវកសិករណា ដែលទុំច្រើនហើយខ្វះកម្លាំងពលកម្ម ត្រូវរាយការណ៍ មកអាជ្ញាធរស្រុក ដើម្បីកៀរគរកម្លាំងគ្នាជួយកសិករក្នុងការប្រមូលផលស្រូវឱ្យបានទាន់រដូវ និងចៀសផុតពីសត្វចង្រៃស៊ី បំផ្លាញ។

      លោក ហេង ធន កសិករនៅភូមិកោះខនឌិន សង្កាត់សាមគ្គីកត់សម្គាល់ថា ឆ្នាំនេះអ្នកភូមិទទួលជោគជ័យទៅលើដំណាំ ស្រូវ តែក៏មានបងប្អូនកសិករមួយចំនួនបានបោះបង់ចោលស្រែផងដែរ  ព្រោះតែកន្លងមកធ្លាប់រងគ្រោះពីទឹកជំនន់ផង និង គ្រោះរាំងស្ងួតផង។

      សូមបញ្ជាក់ថា៖នៅឆ្នាំ២០២០នេះ កសិករនៅខេត្តស្ទឹងត្រែង ធ្វើការងារបង្កបង្កើនផលស្រូវសម្រេចបានលើផ្ទៃដី ២៧.១៦៩ហិកតា បច្ចុប្បន្នប្រមូលផលបានជាង៦៥ភាគរយហើយ ៕