មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ថា គ្មានការកាប់ និងដឹកជញ្ជូនឈើក្នុងតំបន់ព្រៃឡង់នោះទេ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ១១ ២០២០

MC:  មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា មិនមានការកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នោះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍កំពុងការពារធនធានធម្មជាតិទាំងនេះយ៉ាងមានប្រសិទ្ធភាព។ 

  ថ្លែងប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សបានដើរល្បាតយ៉ាងហ្មត់ចត់នៅតំបន់នោះជាប្រចាំ។ ឯកឧត្តម មានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាននិងកំពុងសហការយ៉ាងស្អិតល្មួតជាមួយគម្រោងព្រៃឡង់បៃតងរបស់USAID និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងកិច្ចការងារការពារ និងអភិរក្សធនធានធម្មជាតិដោយហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ដើម្បីការពារធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីមានក្រុមសកម្មជនបរិស្ថាន បានឃើញ និងរាយការណ៍មកថា ក្រុមហ៊ុនចំនួនចំនួន៣កំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើធំៗនៅតំបន់ដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តព្រះវិហារ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកក្រុមសកម្មជនបរិស្ថានទាំងនោះ គឺជាក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកអ្នកបរិស្ថាន ដែលព្យាយាមបំភ្លៃព័ត៌មាន និងចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ ក្រោមការរៀបចំច្បាស់លាស់មួយពីម្ចាស់ជំនួយរបស់ពួកគេ។

ឯកឧត្តម មានប្រសាសន៍ថា «អ្វីដែលក្រុមសកម្មជននយោបាយទាំងនោះបានឃើញគឺស្ថិតនៅក្នុងក្រុមហ៊ុន ហើយជាឈើដែលក្រុមហ៊ុនបានមកពីការប្រមូលផល អនុផលព្រៃឈើក្នុងអនុតំបន់២ អនុតំបន់៣ និងអនុតំបន់៤ នៃសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអិនធី។ សម្ភារដែលប្រើប្រាស់ក្នុងការប្រមូលផល អនុផលព្រៃឈើក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច ក៏ត្រូវបានទទួលការអនុញ្ញាតស្របតាមច្បាប់ដែរ។ ដូច្នេះគួរកុំព្យាយាមបំភ្លៃការពិត ហើយយុទ្ធនាការសម្អុយឈ្មោះកម្ពុជាថា ជាប្រទេសដែលកាប់ឈើច្រើនជាងគេលើពិភពលោករបស់ពួកគេនឹងមិនទទួលជោគជ័យទេ ព្រោះកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានគិតគូរ និងមានវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់លើការពារអភិរក្សជីវចម្រុះ។» 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក(ខេមបូឌា) ធ្វើការប្រមូលផល អនុផលព្រៃឈើក្នុងអនុតំបន់២ អនុតំបន់៣ និងអនុតំបន់៤ នៃសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអិនធី ខូ អិលធីឌី ដែលស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដោយត្រូវបង់សួយសារ និងបុព្វលាពជូនរដ្ឋ។ ក្រុមហ៊ុនខាងលើនេះ ទើបតែចុះធ្វើការការប្រមូលផល អនុផលព្រៃឈើ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះប៉ុណ្ណោះ៕