អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រវាស់ក្របីពូជឱ្យកសិករចិញ្ចឹម ដើម្បីបញ្ឈប់របរ បបាញ់សត្វក្នុង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

 

វិទ្យុជាតិកម្ពុជា អត្ថបទ៖ សេង សុផាន់ណា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

MC៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ បានប្រវាស់ក្របីពូជឱ្យកសិករចិញ្ចឹម ដើម្បីបញ្ឈប់របរ បបាញ់សត្វក្នុង
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងគោលដៅថែរក្សាសត្វស្លាបឱ្យកាន់តែសម្បូរឡើងវិញ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
អង្គការជីវិតសត្វស្លាបអន្តរជាតិ បានសាកល្បងក្នុងជំហានទី១ តាមរយៈធនាគារក្របី ដើម្បីប្រវាស់ពូជក្របី ជូនកសិករនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងទិសដៅផ្សារភ្ជាប់ការលើកកម្ពស់ជីវភាពសហគមន៍ ជាមួយនឹងការអភិរក្សសត្វក្រៀលនៅក្នុងតំបន់ការពារធនធានធម្មជាតិ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិ បានឱ្យដឹងថា ការសាកល្បងប្រវាស់ក្របីពូជ ជូនកសិករនេះ នឹងបានជួយកាត់បន្ថយការទន្រ្ទាន ការដាក់សម្ពាធទៅលើធនធានធម្មជាតិពីសំណាក់ប្រជាពលរដ្ឋ។ គម្រោងនេះ ក៏បានធ្វើឱ្យពួកគាត់ ដែលរស់នៅជុំវិញតំបន់នោះ ទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ផងដែរ។លោកបានបន្តថា ក្របីពូជនេះក៏មានតួនាទីសំខាន់ក្នុងការស៊ី ទន្ទ្រានទៅលើវាលស្មៅ ធ្វើឱ្យរុក្ខជាតិនៅតំបន់វាលស្មៅ មិនមានសភាពក្រាស់ ដែលក្លាយជាទីជម្រកដ៏ល្អសម្រាប់សត្វក្រៀលរស់នៅ។
សំឡេង« ការចិញ្ចឹមក្របីហ្នឹង ប្រសិនបើយើងរក្សាស្មៅរបស់វា ឬការស៊ីទន្រ្ទានរបស់ក្របីហ្នឹងតាមគោលការណ៍របស់យើង វានឹងជួយដល់ការងារអភិរក្ស ថែរក្សាទីជម្រកដល់សត្វក្រៀលរបស់យើង ប៉ុន្តែមិនអនុញ្ញាតឱ្យហួសពេលដែរ ប្រសិនបើ សត្វក្របីវាចូលស៊ីហួសហេតុពេក ធ្វើឱ្យបំផ្លាញទីជម្រកវិញដែរ»។
សូមបញ្ជាក់ថា ប្រជាកសិករដែលយល់ព្រមអនុវត្តគម្រោងសាកល្បងធនាគារក្របីនេះ ក្នុង១គ្រួសារទទួលបានក្របីមេ ចំនួន៨ក្បាល សម្រាប់រយៈពេល៣ឆ្នាំ ហើយពួកគាត់អាចទទួលបានផល៦០ភាគរយ ពីគម្រោងមួយនេះ៕