សម្ដេចតេជោហ៊ុនសែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកនៅជាមួយធ្វើតេស្តលើកទី៤ លទ្ធផលគឺល្អណាស់ពុំមានឆ្លងជម្ងឺកូវីដ-១៩ឡេីយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០នេះ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរសារបង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់របស់សម្ដេចជូនបងប្អូនជនរួមជាតិនៅទូទាំងប្រទេសអំពីស្ថានភាពនៃការធ្វើតេស្ដលើកទី ៤ដែលជាលើកចុងក្រោយនៃការរកមេរោគឆ្លងកូវីដ-១៩។
សារសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !
លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក១៩វិច្ឆិកា ២០២០ ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកាឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំ មកផ្ទះរបស់ខ្ញុំមួយរយះទៀតដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។
ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការ ធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម ៖
១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន
២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូន ឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែក សុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះ ខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់ មនុស្សច្រើន និង រាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើនដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការល្អ យើងអាចធ្វើបាន ដោយរកឃើញគ្រប់មនុស្ស ពាក់ព័ន្ធ មិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍ បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។
បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះ ក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ ទាន់ពេលនិងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោល យកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ឆ្លៀតយកឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ាន ប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបាន ខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់និងការទទួលខុសត្រូវខ្ពស់។
ខ្ញុំក៍សូមអរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់និងដោយប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់
ដោយឡែករយះពេល១៤ថ្ងៃតាមល័ក្ខខណ្ឌ័តម្រូវនៃការធ្វើចត្តាឡីសក័។បងប្អូនជនរួមជាតិជាទីគោរព! ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ-១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាតកលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោក និយាយជារួមនឹងប្រជាជនកម្ពុជានិយាយដោយឡែកស្អប់កូវីដ-១៩ខ្លាំងណាស់ តែកូវីដ-១៩មិនត្រឹមតែមិនស្អប់យើងវិញ នោះទេតែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាព តែប៉ុណ្ណោះ។
ត្រូវចងចាំថា ការដែលកម្ពុជាមានមនុស្សឆ្លងតិចនិងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរ ដែលមាន ឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ-១៩បានដូចមនុស្សខ្លះបានអះអាងនោះទេ ។ខ្ញុំសង្ឃឹមថាអ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបម្រើអ្នកកើតកូវីដ-១៩

ដោយមិនមានសម្ភារការពារខ្លួន តើឆ្លងឬមិនឆ្លង?ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផង និងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ប្រសិនជាអាចធ្វើបានមែន អង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក ឬ បានមកពីកត្តាអាកាសធាតុដែលធ្វើឱ្យកូវីដ-១៩ មិនអាចឆ្លងចូលបាននោះដែរ។

ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនិងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលខ្ញុំសុំយកឱកាសនេះសម្ដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប និងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសម្ភារ ដើម្បី ប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជននិងកីឡា ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែក គ្រប់វិស័យ វិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩នៅតែជាអាទិ ភាពនៃការងាររបស់យើង ទាំងអស់គ្នាដដែល។

ព្រឹត្តិការណ៍៣វិច្ឆិកាបានបង្រៀនយើងបានរំលឹកយើង បានដាស់តឿនយើងនិងបានណែនាំយើងឱ្យ មានការប្រុងប្រយ័ត ជានិច្ច ទើបអាចយកឈ្នះលើកូវីដ-១៩ បាន។ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការព្យាបាល។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕