អាជ្ញាធរឃុំត្រាង សន្យាទទួលបម្រើសេវាជូនពលរដ្ឋ ២៤ ម៉ោង

 

វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

ខេត្ដបាត់ដំបង៖ អាជ្ញាធរឃុំត្រាង ស្រុកកំរៀងបានឆ្លើយតបទៅកាន់ពលរដ្ឋដែលមានបញ្ហារឿងធ្វើសំបុត្រកំណើតមានការ យឺតយ៉ាវ ដោយសារអ្នករៀបចំធ្វើឯកសារមានតិច និងពលរដ្ឋមកស្នើសុំធ្វើសំបុត្រកំណើតមានចំនួនច្រើននោះ ថា នឹងព្យាយាមជួយសម្រួលដើម្បីឱ្យទាន់តាមតម្រូវការរបស់ពលរដ្ឋ។

លោកស្រី រី ហេង មេឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបងបានថ្លែងនៅក្នុងកម្មវិធី សន្ទនាមតិ របស់វិទ្យុជាតិចំការចេកបាត់ដំបង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា បញ្ហាធ្វើសំបុត្រកំណើត គឺខាងក្រុមការងាររបស់លោកស្រីមិនដែលយកថវិកាពីពលរដ្ឋ ឡើយ។ 

លោកស្រីថ្លែងថា ៖«ចំពោះបញ្ហាកកស្ទះដោយសារ អ្នកសរសេរឯកសារមានតិច ពលរដ្ឋស្នើសុំធ្វើច្រើន ប៉ុន្តែយ៉ាងណាពេលខ្លះលោកស្រីក៏បានជួយសម្រួល ឱ្យទាន់តម្រូវការរបស់ពលរដ្ឋផងដែរ »។

ចំណែក លោក ម៉ឺន ម៉ាន់ នាយប៉ុសិ៍នគរបាល ឃុំត្រាងក៏បានឱ្យដឹងនៅក្នុងកម្មវិធីសន្ទាមតិផងដែរថា សម្រាប់សៀវភៅ គ្រួសារគឺ មានការខ្វះខាតបន្តិចបន្តួច តែសៀវភៅស្នាក់នៅ គឺតែងតែមានធ្វើជូនពលរដ្ឋបានគ្រប់ចំនួន ហើយនៅពេល អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ធ្លាក់មក ខាងនគរបាលតែងតែយកផ្ដល់ជូនពលរដ្ឋដល់ផ្ទះតែម្ដង ។

ចំពោះបញ្ហាពលរដ្ឋលើកឡើងថា ពេលទៅស្នើសុំធ្វើអ្វីមួយមានការលំបាក និងអ្នករៀបចំឯកសារ មានសម្ដីអសុរោះនោះ លោកក៏បានឆ្លើយតបថា៖ «សម្រាប់នគរបាលឃុំត្រាងគឺមិនដែលប្រើពាក្យ ឬមានវិវាទជាមួយពលរដ្ឋឡើយ»។

លោកបានបន្តថា ៖«សម្រាប់តម្រូវការរបស់ពលរដ្ឋ ប៉ុស្តិ៍នគរបាលឃុំត្រាង ចាំទទួលបម្រើសេវាជូន ២៤ ម៉ោង ចំណែកលេខទូរសព្ទ គឺខាង នគរបាលបានចែកជូនគ្រប់ផ្ទះពលរដ្ឋដើម្បីទំនាក់ទំនងគ្រប់ ៩ភូមិ»។

ពលរដ្ឋរស់នៅក្នុងឃុំត្រាង បានអះអាងថា សម្រាប់វិធានការរបស់ភូមិ ឃុំគឺពលរដ្ឋមិនសូវដឹងឮឡើយ ចំណែករឿងស្នើសុំធ្វើអ្វី មួយលុះត្រាតែជូនថវិកាបន្តិចបន្តួចទើបការស្នើសុំមានការរហ័សរហួនបានលឿនដូចចិត្ដ។ 

ពលរដ្ឋបានបន្តថា ៖«នៅពេលស្នើសុំ ធ្វើអ្វីមួយគឺជួបបញ្ហា ប្រើពេលយូរ ហើយអ្នកធ្វើការ បានប្រើសម្ដីអសុរោះដាក់គាត់ ដែលមិនបានរៀនសូត្រចេះដឹងផងដែរ»។

គួរបញ្ជាក់ផងដែរថា នៅក្នុងឃុំត្រាង មានភូមិចំនួន៩ មានពលរដ្ឋចំនួន ២១៣៤គ្រួសារ៕