សិល្បករនិងយុវជនកាន់តែផុលផុស នាំគ្នាជីកកកាយឈុតសម្លៀកបំពាក់សម័យបុរាណដើម្បីផ្សព្វផ្សាយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី


MC៖សិល្បករនិងយុវជនកាន់តែផុលផុស នាំគ្នាជីកកកាយឈុតសម្លៀកបំពាក់សម័យបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយឱ្យមហាជន​បានស្គាល់ ក្នុងន័យលើកកម្ពស់តម្លៃវប្បធម៌ខ្មែរឱ្យគង់វង្ស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមយុវជនខ្មែររួមទំាងអ្នកច្នៃម៉ូតសម្លៀកបំពាក់មួយចំនួន បាននាំគ្នាចុះស្រាវជ្រាវ ពីម៉ូតសម្លៀកបំពាក់ខ្មែរដ៏ល្អប្រណិតនាសម័យបុរាណ នៅតាមចម្លាក់ជញ្ជំាងប្រាសាទខ្មែរដែលជាភស្តុតាងស្រាប់ ហើយយក មកច្នៃឡើងវិញ ក្នុងទម្រង់ដើមឬក្នុងទម្រង់ដើមរួមបញ្ចូលជាមួយសម័យបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយក្នុងកម្មវិធីសិល្បៈជាតិ និងនៅលើឆាកអន្តរជាតិ។សម្លៀកបំពាក់ខ្មែរសម័យបុរាណដែលបានច្នៃឡើងវិញនេះ គឺមានភាពល្អប្រណិតដែលមហាជនខ្មែរ បានកោតសរសើរស្ញប់ស្ញែងមិនដាច់ពីមាត់ ដែលដូនតាខ្មែរមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបញ្ចូលរស់និយមតាមបែបផែន របស់ខ្លួន។សម្លៀកបំពាក់បុរាណខ្មែរដែលបានផ្សព្វផ្សាយកន្លងមក ភាគច្រើនស្ថិតក្នុងទម្រង់សម័យ នគរភ្នំ សម័យអង្គរ ចក្រភពខ្មែរ សម័យចតុមុខ អាណាចក្រខ្មែរ សម័យលង្វែកជាដើម។
លោក ជួប វិចិត្រ ដែលឈ្មោះហៅក្រៅថា(Skor Krob)ដែលជា អ្នករចនាម៉ូតសម្លៀកបំពាក់សម័យបុរាណនៅរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ផ្នត់គំនិតដែលជំរុញឱ្យមានការច្នៃម៉ូតនិងជីកកកាយឈុតសម្លៀកបំពាក់បុរាណមកគ្រងឡើងវិញនេះ គឺជា ការចូលរួមបង្ហាញឱ្យប្រទេសជិតខាងបានឃើញថា ប្រជាជនកម្ពុជាបានរួមគ្នាថែរក្សាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់បុព្វបុរសជំនាន់ដើម ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះសម្រាប់សម្លៀកបំពាក់បុរាណមួយចំនួន គឺមានការច្នៃម៉ូតបូកបន្ថែមជាមួយរចនាបថទម្រង់ថ្មី រួមជាមួយនឹងគ្រឿងអលង្ការសម័យ ចូលទៅក្នុងឈុតផងដែរ ដែលមានទាំងការអភិវឌ្ឍនិងអភិរក្សនៅក្នុងទសវត្សរ៍ថ្មី ដោយបង្កើតថ្មីសម្រាប់មនុស្សជំនាន់ក្រោយបានដឹងថា សិល្បៈខ្មែរមានភាពទូលំទូលាយគ្មានដែនកំណត់ ។
លោក​បញ្ជាក់ថា​ «និយាយទៅដោយសារតែខ្ញុំចង់ឱ្យកម្ពុជាយើងនេះវិស័យសិល្បៈដើរទៅមុខ ហើយចង់ឱ្យខាងយើងនេះ មានអ្វីដែលថ្មីៗ ពីព្រោះទីមួយ យើងមានទាំងអភិរក្សនិងអភិវឌ្ឍន៍ ចឹងខ្ញុំចង់ឱ្យសិល្បៈរបស់យើងមានការអភិវឌ្ឍទៅមុខ យើងអាចយកខោអាវបុរាណផ្សំជាមួយសម័យ មើលទៅឃើញស្អាតចូលក្នុងខ្លួនតួ គាត់ស្លៀកពាក់ទៅឃើញស្អាត ហើយវាប្លែក វាថ្មី ចឹងខ្ញុំចង់ឱ្យតួគាត់ស្លៀកអ៊ីចឹងមើលទៅឃើញប្លែក ប៉ុន្តែក៏យើងមិនចោលក្នុងការអភិរក្សនោះទេ សម្រាប់ការអភិរក្សគឺយើងនៅតែអភិរក្ស ដូចនៅក្នុងល្ខោនខោល របាំព្រះរាជទ្រព្យ គឺយើងនៅតែរក្សាទម្រង់ដើមដដែល» ។
កញ្ញា លន់ គឹមហេង បេក្ខនារី Miss Universe Cambodia number 5 ដែលបានគ្រងឈុតមុន្នីមេខលា នាពេលកន្លងមក បានប្រាប់ឱ្យដឹងថា នៅពេលដែលកញ្ញាបានគ្រងឈុតនេះ ធ្វើឱ្យកញ្ញាមានអារម្មណ៍ថាចាប់អារម្មណ៍ និងពេញចិត្តខ្លួនឯង ជាទីបំផុត ដែលមានសោភ័ណភាពល្អប្រណិតធ្វើឱ្យសម្រស់កាន់តែមានភាពទាក់ទាញជាងមុន។
សំឡេង ៖ « សម្រាប់ការគ្រងឈុតនេះសម្រាប់នាងខ្ញុំផ្ទាល់ គឺមានអារម្មណ៍ថាសប្បាយចិត្តនៅពេលបានគ្រងឈុតបុរាណខ្មែរ ហើយសម្រាប់ឈុតនេះ គឺអស្ចារ្យមែនទែនដោយសារជាឈុតព្រះនាងមុន្នីមេខលា ហើយលក្ខណៈពិសេសថាព្រះនាង គាត់យកទឹកសន្សើមដើម្បីដាក់ក្នុងកែវហើយគ្រវីត្បូងកែវប្រកួតជាមួយនឹងយក្សដើម្បីការពារប្រទេសខ្មែរយើង ហើយខ្ញុំចង់ ឱ្យប្អូនៗជំនាន់ក្រោយឬមួយក៏យុវជនជំនាន់ក្រោយ គាត់ងាកមកថែរក្សាវប្បធម៌ខ្មែរយើង ព្រោះថាវប្បធម៌ខ្មែរយើងមានភាព ល្បីល្បាញនិងអស្ចារ្យខ្លាំងមែនទែន ចឹងប្រសិនបើជាពួកគាត់អាច សូមឱ្យគាត់ចូលរួមថែរក្សានិងស្រឡាញ់វប្បធម៌បុរាណ របស់ប្រទេសខ្មែរឱ្យបានច្រើន »។
សូមបញ្ជាក់ថា សម្លៀកបំពាក់ខ្មែរបុរាណមានច្រើនទម្រង់និងច្រើនរចនាបថទៅតាមសម័យកាលនីមួយៗ ហើយមានភស្តុតាង តាមរូបចម្លាក់ជាច្រើននិងតាមជញ្ជាំងប្រាសាទនានា ដែលជាតឹកតាងបង្ហាញថា ដូនតាខ្មែរមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបញ្ចូលរស់និយមតាមបែបផែនរបស់ខ្លួន ៕