មហាវិទ្យាល័យ​សភា​ពាណិជ្ជ​សាស្ត្រ​របស់​ប្រទេស​ថៃ គ្រោង​បើក​សាខា​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​ធុរកិច្ច និង​ពាណិជ្ជកម្ម​

AKP ភ្នំពេញ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០
​ប្រតិភូ​មហាវិទ្យាល័យ​ស​ភា​ពាណិជ្ជ​សាស្ត្រ​ថៃ​(UTCC) គ្រោង​នឹង​បើក​សាខា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ជម្រើស​ដល់​និស្សិត​ដែល​ចង់​បន្ត​សិក្សា​ក្នុងប្រទេស​សមាជិក អាស៊ាន និង​ផ្តល់​អាហារូបករណ៍​បន្ថែម​ដល់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធាន មនុស្ស​លើ​វិស័យ​ធុរកិច្ច និង​ពាណិជ្ជកម្ម​។ នេះ​គឺជា​ការលើកឡើង​របស់​លោក​បណ្ឌិត ចាក់​គ្រី​ន ស្រ៊ី​មូ​ន (Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ ដែល​បាន​ដឹកនាំ​ប្រតិភូ​មក​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​ស្វាគមន៍​ចំពោះ​គម្រោង​ខាងលើ និង​បាន​ស្នើឱ្យ​ប្រតិភូ UTCC សិក្សា​អំពី​លទ្ធភាព​ពង្រីក​សាខា​ដំបូង​ទៅកាន់​ខេត្តសៀមរាប និង​សហការ​ជាមួយ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលមាន​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ថៃ ព្រមទាំង​វិទ្យាស្ថាន​បណ្តុះ បណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ ដែល​ស្ថិតនៅក្រោម​ក្រសួងពាណិជ្ជកម្ម​។ ឯកឧត្តម ឯកអគ្គរាជទូត​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ ដែល​កន្លងមក​បានផ្តល់​អាហារូបករណ៍​ដល់ និស្សិត​កម្ពុជា មក​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ថៃ ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​របស់ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​មហា​ចក្រី​សិរិ​ន​ថន​៕ ដោយ​៖ រិទ្ធី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​