ការងារចាក់កៅស៊ូផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមខែក្រោយ ហើយគ្រោងបញ្ចប់មុនចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការងារចាក់កៅស៊ូនៅលើផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមនៅខែធ្នូ ហើយគ្រោងបញ្ចប់ការស្ថាបនានៅមុនពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីប្រែក្លាយខេត្តនេះ ទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការស្ថាបនាផ្លូវទាំង៣៤ខ្សែក្នុងក្រុងខេត្តព្រះសីហនុមកដល់ពេលនេះ ស្ទើរតែជិតរួចរាល់ហើយ នៅតែការចាក់កៅស៊ូ ដែលគ្រោងនឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២០ ។ ពាក់ព័ន្ធការរៀបចំក្រាលខឿនថ្មក្រានីត សម្រេចបានជាង៩០ភាគរយ ក្រាលកម្រាលថ្មក្រានីតសម្រាប់ផ្លូវថ្មើរជើង សា្ថបនាបាន៧៥ភាគរយ បង្គោលភ្លើងសាធារណៈ បានជាង ៩០ភាគរយ ការដាំដើមឈើនិងផ្កាលម្អ បានជាង៦០ភាគរយ និងការដាក់លូរណបបានជាង៩០ភាគរយ ដោយឡែកស្លាកសញ្ញា ចរាចរណ៍និងបំពាក់កាមេរ៉ាសុវត្ថិភាព កំពុងតែបន្តធ្វើជាបណ្តើរៗ ។
លោកបានបន្តថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុនេះ នឹងធ្វើឱ្យខេត្តនេះកាន់តែរីកចម្រើន ដូចជាមានការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។
លោកបន្តថា ការស្ថាបនាផ្លូវនេះ វាជាសរសៃឈាមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ គួបផ្សំជាមួយការស្ថាបនា ផ្លូវដែលមានស្តង់ដារខ្ពស់ មានប្រណិតភាព មានការសាងសង់នូវសួនច្បារ ភ្លើងបំភ្លឺសាធារណៈដែលមានភាពវៃឆ្លាត កាមេរ៉ាសុវត្ថិភាព និងការរៀបចំលម្អផ្សេងៗទៀតដែលសម្រួលការដឹកជញ្ជូន ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាអ្នកវិនិយោគទុនក្នុងស្រុកនិងក្រៅស្រុកមកបោះទុន បន្ថែមទៀតនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ ។
សូមបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញ បន្ទាប់ពីទទួលរងការ ខូចខាតទាំងស្រុង ដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមក ហើយនេះជាការបើក ទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតនៃខេត្តព្រះសីហនុ ដែលមិនធ្លាប់មានពីមុនមក ក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។ ផ្លូវក្រុងចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ មានប្រវែងសរុបជាង៨២គីឡូម៉ែត្រ ៕