ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវនិងកម្ពុជា-ថៃស្ថិតនៅខេត្តព្រះវិហារ បានជួសជុលឡើងវិញ១០០ភាគរយហើយ

 

វិទ្យុជាតិកម្ពុជាៈ ហាន់ ស្រីណា 

ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនកម្ពុជាឡាវ និងកម្ពុជា-ថៃ ស្ថិតនៅខេត្តព្រះវិហារ បានជួសជុលឡើងវិញ១០០ភាគរយហើយ ក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក។ 

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីធ្វើការជួសជុលបានរួចរាល់ហើយ ក្រុមការងារកំពុងយកចិត្តទុកដាក់ជួសជុលនិងលប់ផ្លូវជង្ហុកសំបុកមាន់ និងកាត់ស្មៅតាមដងផ្លូវធ្វើយ៉ាងណាធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

លោក​បញ្ជាក់ថា​«រហូតដល់ម៉ោងនេះគឺយើងបានធ្វើរួចរាល់ហើយនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះគឺនៅសល់តែការសម្អាតអាចថា សម្អាតហ្នឹងគឺយ៉ាងយូរបំផុតស្អែកហ្នឹងគឺចប់សព្វគ្រប់មានន័យថា១០០ភាគរយហើយៗការធ្វើដំណើរប្រជាពលរដ្ឋលោកធ្វើ ដំណើរដើរស្រួលជាពិសេសភ្ញៀវទេសចរនិងការដឹកជញ្ជូនកសិផលទៅមកធម្មតាមិនមានបញ្ហាអ្វីកើតឡើងទេ ហើយការដឹក ជញ្ជូនទំនិញហ្នឹងគឺងាយស្រួលជាងមុនក្រោយពីយើងធ្វើផ្លូវបានស្អាតហើយ»។

   លោកបន្តថា ក្រោយជំនន់ទឹកភ្លៀង មន្ទីរបានធ្វើការស្តារនិងជួសជុលឡើងវិញនូវផ្លូវជាតិលេខ៩៤ ពីស្រុកឆែបទៅព្រំដែន ឡាវប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ពីស្រុកឆែបទៅស្រុកជ័យសែនផ្លូវក្រាលគ្រួសក្រហមប្រវែង១៣គីឡូម៉ែត្រ និងផ្លូវ ជាតិ លេខ៦២ពីភូមិភ្នំដែកឃុំរមណីយទៅភូមិស្វាយដំណាក់ជាដើម ដែលជួយសម្រួលការដឹកជញ្ជូនកសិកផលផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសជួយឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរមានភាពរហ័សជាងមុន ។

សូមបញ្ជាក់ថា ក្រៅពីផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ មន្ទីរសាធារណការខេត្តព្រះវិហារក៏បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលក្រួសក្រហម មានប្រវែងជាង៨០គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ ស្រឡៅ១  កំពង់ស្រឡៅ២ (ព្រំដែនកម្ពុជា-ឡាវ) ឆ្ពោះទៅកាន់បន្ទាយស្រមោច នៃស្រុកជាំក្សាន្ត(ព្រំដែនកម្ពុជា-ថៃ) ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ៕​