កសិករនៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដាំខ្ទឹមសន្លឹកលក់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០


MC.កសិករប្រមាណជា១០០គ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងខេត្តសៀមរាបបានប្រកបរបរដាំខ្ទឹមសន្លឹកលក់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងអាចរកប្រាក់ចំណូលបានគួរសម ដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ។
អ្នកស្រី ជឿន គឹមស៊ិប អាយុ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងបានលើកឡើងថា អ្នកស្រីប្រកប របរដាំខ្ទឹមនេះ រយៈពេលប្រមាណជា២០ឆ្នាំមកហើយ ដោយក្នុងមួយខែអាចរកចំណូលបានគិតជាមធ្យមប្រមាណ ជាង៣លានរៀល ដែលធ្វើឱ្យគ្រួសារអ្នកស្រី មានជីវភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកស្រីបន្តថាចំពោះការដាំដុះវិញ ភាគច្រើនប្រើប្រាស់តែជីធម្មជាតិប៉ុណ្ណោះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ។
លោក​ស្រី​បញ្ជាក់​ថា​៖ដាំខ្ទឹម ផ្ទៃដីរបស់ខ្ញុំទទឹង២០បណ្តោយ៣០ម៉ែត្រ បើខែវស្សា១ខែឬ២៨ថ្ងៃអាចប្រមូលផលបាន បើខែប្រាំង១ខែ១០ថ្ងៃ មួយខែប្រមូលម្តង ផ្ទៃដីប៉ុណ្ណោះខែណាបាន៥០០គីឡូ ខែដែលកំពុងដកនេះបាន៨៥០០៛ បើជាមធ្យមទាំងប្រាំងទាំងវស្សាបាន៤០០០៛។អង្គការក្រៅរដ្ឋាភិបាលគាត់ចុះមកញឹកញាប់ ហើយអាជ្ញាធរគាត់ណែនាំ ឱ្យយើងដាំដុះកុំចំណាកស្រុក បើអចិន្ត្រៃយើងប្រើជីធម្មជាតិដូចជា អាចម៍គោ តែបើជីគីមីយើងប្រើបន្ទាប់បន្សំ បានស្ថានភាពខ្ទឹមរបស់យើង។
លោកសាន្ត សំណាង អនុប្រធានសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ក រស្មីស្ត្រីសាមគ្គី បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋ ចង់ដាំដំណាំ ផ្គត់ផ្គង់ទៅកាន់ទីផ្សារដោយមិនមានការកកស្ទះ និងមិនភ័យព្រួយរឿងឈ្មួញទម្លាក់តម្លៃនោះសូមធ្វើការចងក្រង ជាសហគមន៍ ដើម្បីដាំដំណាំរបស់ខ្លួន។
លោក​បញ្ជាក់ថា​៖ទាក់ទងនឹងការធ្វើរបស់កសិករ បើគាត់ផលិតដំណាំបន្លែផ្សេងៗ សុំឱ្យគាត់ចូលរួមជាក្រុមផលិត ចងក្រងជា សហគមន៍ផលិត ដើម្បីនាំផលិតផលហ្នឹងទៅកាន់ទីផ្សារ ហើយមួយទៀតកាលណាយើងមានក្រុមផលិត ខាងទីផ្សារ ងាយស្រួលប្រមូលទិញ។
សូមបញ្ជាក់ថា អ្នកស្រីជឿន គឹមស៊ិប ជាសមាជិកសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ករស្មីស្ត្រីសាមគ្គី ដោយសហគមន៍បាន បង្កើតឡើងកាលពីឆ្នាំ២០១៤ មានប្រជាពលរដ្ឋចូលសមាជិកជិត៣ពាន់គ្រួសារ បានរួមគ្នាធ្វើការដាំដុះដំណាំវិលជុំសម្រាប់ ផ្គត់ផ្គង់តម្រូវការទីផ្សារ៕