រដ្ឋបាលខេត្ត​មណ្ឌលគិរី រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​ស្រុក​កែវ​សីមា​

AKP មណ្ឌលគិរី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​សាលាស្រុក​កែវ​សីមា ថ្ងៃ​២​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃ​អង្គារ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​មណ្ឌលគិរី បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​២ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឈឹម កាន អភិបាលរង​ខេត្ត រួមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក ។​

​ឯកឧត្តម ម៉ែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍ថា វេទិកា​នេះ មាន​គោលបំណង​ដើម្បី​ចង់ដឹង​អំពី​បញ្ហា​ប្ឈ​ម និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឱ្យ​អាជ្ញាធរ​ដោះស្រាយបាន​ទាន់ពេលវេលា​ប្រកបដោយ​តម្លាភាព និង​មាន​គណនេយ្យភាព​ត្រឹមត្រូវ​។ ម្យ៉ាងទៀត​វេទិកា​នេះ បានផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ក្នុងការ​ផ្តល់​មតិ យោបល់ ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្តន៍​នាពេលខាងមុខ របស់​រដ្ឋបាលខេត្ត ផ្តល់នូវ​អនុសាសន៍ និង​សំណូមពរ​នានា ។​

​ឯកឧត្តម ម៉ែន ង៉ុ​យ បាន​បន្តទៀតថា ការពិភាក្សា​នេះ​ជាការ​ឆ្លើយតបបាន​ទាន់ពេលវេលា​ពី​ស្ថាប័ន​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​ធ្វើការ​កែលម្អ និង​ដោះស្រាយ​ឱ្យ​កាន់តែ​ល្អប្រសើរ ស្របទៅនឹង​តម្រូវការ​ជា​អាទិភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​ទៀតផង​៕ ដោយ​៖ ណ​យ នឿន (​ប្រភព​៖​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​