ក្រសួងសាធារណការ ចាប់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២៩គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ១១ ២០២០

MC: ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់បាន រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២៩គ្រឿង ក្នុងចំណោមយានយន្តដែលត្រូវបានហៅឃាត់ ចំនួន៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រតិបត្តិការរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត និង អាជ្ញាធរដែនដីពាក់ព័ន្ធ។
ថ្លែងបញ្ជាក់នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារ ​បានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥ភាគរយ ទៅ ២០ភាគរយ និងរថយន្តចំនួន៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០ភាគរយ។
ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង២៩គ្រឿងនោះ រថយន្ត២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិត កំណត់ ចន្លោះពី៥ភាគរយទៅ២០ភាគរយ នឹងត្រូវរើអីវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី២០ភាគរយ នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុក រយៈពេល១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការរឹតបន្តឹងនេះចាប់អនុវត្តពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ៕