រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យបន្តពង្រឹងសមត្ថភាពមន្ត្រី និងពង្រឹងផ្នែកទំនាក់ទំនងអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ  បានជំរុញដល់ក្រុមការងារជំនាញទាំងអស់ ឱ្យបន្តពង្រឹងនូវផ្នែកមួយចំនួន ដូចជាពិធីការ គម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ការងារបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញ និងសមត្ថភាព គ្រប់គ្រាន់។ 

ឯកឧត្ដម ខៀវ កាញារីទ្ធ  រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ និងទិសដៅការងារបន្តរបស់គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រីរាជការក្រសួងព័ត៌មាន ត្រូវបង្កើនសមត្ថភាព តាមរយៈការសិក្សា រៀនសូត្រជំនាញ ភាសាអន្តរជាតិ និងការបន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីក្លាយជាធនធានដ៏មាន សក្តានុពល ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។ 

ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសម្របសម្រួលពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មានបានឱ្យដឹងថា កន្លងមកនេះ ក្រុមការងារបានជួយសម្រួលដល់មន្ត្រីក្រសួងព័ត៌មាន ឱ្យបានបង្កើនចំណេះដឹង តាមរយៈការទៅចូលរួមកម្មវិធីនៅបរទេស ចូលរួមវគ្គសិក្សាផ្សេងៗជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់។ 

ពាក់ព័ន្ធទៅនឹងការងារទំនាក់ទំនងអន្តរជាតិនេះដែរ ឯកឧត្តមបានបង្ហាញថា រយៈពេល៦ខែមកនេះ គ្រប់អគ្គនាយកដ្ឋានទាំង៥ និងសមាជិកទាំងអស់ បានអនុវត្តកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អ ក្នុងនោះបានបង្កើតក្រុមការងារចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ និងមានការផ្តាស់ប្តូរភាពយន្តឯកសារ កម្ពុជា ចិន និងកិច្ចសហការមេគង្គឡានឆាងសម្រាប់ឆ្នាំ២០២១ ព្រមទាំងរៀបចំវេទិកា កម្ពុជា ចិន ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិន។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មានបានពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសជាដៃគូផ្សេងទៀតរួមមាន៖  ប្រទេសវៀតណាម ឡាវ ថៃ សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) មីយ៉ាន់ម៉ា ទីម័រខាងកើត   រុស្ស៊ី សហភាពអឺរ៉ុប និងកិច្ចការងារក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានអាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៏ការផ្សព្វផ្សាយផងដែរ ៕