រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីឈានទៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ។
យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា តាមរយៈការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលចំនួន ៥លើកជាបន្តបន្ទាប់ បណ្តាកងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាបង្កើតបានជាចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាង សស្រាក់សស្រាំ និងទទួលបានលទ្ធផលជាវិជ្ជមាន។ ប៉ុន្តែប្រការដែលត្រូវបានកត់សម្គាល់ឃើញនោះគឺ សកម្មភាពលបលួច នាំចូល ដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ការលួចលាក់កែច្នៃសារធាតុញៀន នៅតែកើតមានឡើងជាបន្តបន្ទាប់ និងមានរូបភាព កាន់តែធំ ហើយការជួញដូរ និងការប្រើប្រាស់សារធាតុញៀន បាននិងកំពុងរីករាលដាលដល់តំបន់ជនបទមួយចំនួន។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងគោលបំណងធានាប្រសិទ្ធភាពអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ក៏ដូចជាការបញ្ចៀសឱ្យបាននូវហានិភ័យដែលបណ្តាលមកពីគ្រឿងញៀន ព្រមទាំងដោះស្រាយ នូវការព្រួយបារម្ភនិងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន៧ចំណុច ដោយពង្រឹងវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ស្មារតីផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយស៊ីជម្រៅ ចំគោលដៅ និងមុខសញ្ញា គ្រប់ទីកន្លែងទាំងក្នុងសហគមន៍ ទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងក្នុងជួរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយត្រូវអនុវត្ត ផ្សារភ្ជាប់ជាមួយខ្លឹមសារទិសស្លោក «បីកុំ មួយរាយការណ៍» គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន។
បន្ថែមពីនេះទៀតត្រូវយកចិត្តទុកដាក់ចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់ ការលួចលាក់កែច្នៃ ផលិតសារធាតុញៀន និងការជួញដូរ ប្រើប្រាស់សារធាតុញៀន ជាពិសេសនៅតាមគោលដៅនានា ដោយត្រូវ បន្តពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យការឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ រួមទាំងបញ្ញើប្រៃសណីយ៍ ឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបការនាំចូលគ្រឿងញៀនខុសច្បាប់ ។ ជំរុញការស្រាវជ្រាវ ស៊ើបអង្កេតរកខ្សែរយៈបណ្តាញមេក្លោងជួញដូរសារធាតុញៀន និងធ្វើការបង្ក្រាបឱ្យដល់ឬសគល់ ព្រមទាំងបន្តពន្លាត នីតិវិធីឈានដល់ការបង្ក្រាបបទល្មើសសម្អាតប្រាក់ ដែលជាផលនៃបទល្មើស គ្រឿងញៀនដោយត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ៕​