មន្រ្តីព័ត៌មានវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជាខេត្តបាត់ដំបង ទទួលការបំប៉នជំនាញថតរូប កាត់ត និង ព័ត៌មានបន្ថែម

វិទ្យុជាតិកម្ពុជា៖ វិទ្យុជាតិកម្ពុជាចម្ការចេកខេត្តបាត់ដំបង


បាត់ដំបង៖ ថ្នាក់ដឹកនាំមន្ទីរបានបើកវគ្គបណ្តុះបណ្តាលជំនាញថតរូប កាត់ត ការផលិតឯកសារព័ត៌មាននិង បច្ចេកទេសDigitalមួយចំនួន ដល់ក្រុមមន្រ្តីវិទ្យុជាតិកម្ពុជាចម្ការចេក និងទូរទស្សន៍ជាតិកម្ពុជាខេត្តបាត់ដំបង ប្រមាណជាង១០នាក់ រយៈពេលមួយថ្ងៃពេញ នាថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ នៅស្ថាននីយវិទ្យុជាតិនិងទូរទស្សន៍ជាតិខេត្ត ដែលបង្ហាត់បង្ហាញ ដោយលោកប្រធានមន្ទីរព័ត៌មានផ្ទាល់ ។
ឯកឧត្តមសួស សុភ័ក្រ្ត ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលមានបទពិសោធន៍យូរឆ្នាំ មកហើយនោះ មានប្រសាសន៍ថា ការបំប៉នជំនាញបន្ថែមខាងលើនេះ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីព័ត៌មានរបស់ជាតិ ប្រចាំខេត្តបាត់ដំបង ឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចម្រើនរបស់សម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននិងអាចមានសមត្ថភាព កាន់តែល្អក្នុងការផ្តល់ព័ត៌មាន ប្រកបដោយគុណភាព វិជ្ជាជីវៈនិងបានទូលំទូលាយដល់ប្រិយមិត្តអ្នកស្តាប់និងទស្សនា ពិសេសលើបណ្តាញសង្គមថែមទៀត។
លោក ភី សុខ ប្រធានការិយាល័យវិទ្យុជាតិកម្ពុជាខេត្តបាត់ដំបង ដែលជាសិក្ខាកាមមួយរូបផងដែរ បានមានចំណាប់អារម្មណ៍ ថា វគ្គនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីព័ត៌មានវិទ្យុជាតិនិងទូរទស្សន៍ជាតិរបស់យើងក្នុងការផលិតព័ត៌មាន បានទាន់សភាពការណ៍និងមានគុណភាព។
លោក ភី សុខ និយាយថា៖(…ខ្ញុំនឹងយកចំណេះដឹងទាំងនេះទៅ បំពេញវិជ្ជាជីវៈផ្នែកព័ត៌មានទាំងរូបភាពនិងសំឡេងឱ្យកាន់ តែខ្លាំងថែមទៀត ពិសេសនឹងចែករំលែកបន្តដល់មន្រ្តីរបស់ខ្ញុំ ដើម្បីមានសមត្ថភាពកាន់តែល្អក្នុងការបម្រើដល់ប្រិយមិត្តអ្នក ស្តាប់ និង ទស្សនា តាមការផ្សាយផ្ទាល់ក្តីនិងតាមបណ្តាញសង្គមក្តី ..)។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះវិទ្យុជាតិកម្ពុជាចម្ការចេកខេត្តបាត់ដំបងក្រៅពីផ្សាយក្នុងរលកធាតុអាកាសFm92.70Mhz ក៏មានផ្សាយក្នុងផេកហ្វេសប៊ុក Battambang92.70FM និងលើវេបសាយ pdibattambang.info ផងដែរ។
សូមបញ្ជាក់ថាមន្រ្តីព័ត៌មានវិទ្យុជាតិកម្ពុជាចម្ការចេកនិងមន្រ្តីផ្នែកទូរទស្សន៍ជាតិខេត្តបាត់ដំបងបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងជំនាញផលិតព័ត៌មាន ពិសេសព័ត៌មានDigital ជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន និង ស្ថាប័នជាតិអន្តរជាតិ មួយចំនួន នាពេលកន្លងមកនេះ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឆ្លើយតបការវិវឌ្ឍន៍ថ្មីៗរបស់វិស័យព័ត៌មាននាពេល បច្ចុប្បន្ន៕