អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត ដោយសារមិនគោរពតាមគោលការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធនឹងវិធានការការពារកូវីដ19

AKP សៀមរាប ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ —

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្តសៀមរាប ដោយនៅក្នុងឱកាសនោះក្រុមការងារបានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទីត គឺទីតាំងស្កាយបារ ដឺ វ័ន បាយធី ( The One by T) និងថេមផលក្លឹប (Temple Club) ជាបណ្តោះអាសន្ន។

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា មូលហេតុនៃការបិទនេះគឺដោយសារតែម្ចាស់អាជីវកម្មខាងលើមិនបានចូលរួមអនុវត្តវិធានសុវត្តិភាពទេសចរណ៍ក្នុងស្ថានភាពដំណាក់កាលកូវីដ១៩ របស់រាជរដ្ឋាភិបាល
ការណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប។ លោកបានបញ្ជាក់ថា ក្លឹបកម្សាន្តទាំងអស់នៅក្នុងក្រុងសៀមរាបត្រូវបានបិទអស់ហើយគឺនៅតែពីរនេះចុងក្រោយគេ។

លោកថា ការបិទនេះសម្រាប់តែ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភោជនីយដ្ឋានគឺដំណើរការធម្មតា តែត្រូវគោរពតាមវិធានសុវត្ថិភាពទេសចរណ៍។
លោកប្រធានមន្ទីរបានអំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមគោរពតាមការណែនាំរបស់រដ្ឋាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា៕

ដោយ ឃុត សៅ