រាជរដ្ឋាភិបាលថៃផ្ដល់ថវិកា ចំនួន ៣ម៉ឺនដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីរួមចំណែក ក្នុងការស្តារឡើងវិញក្រោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

ដោយបង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរផងនោះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានផ្តល់ថវិកាចំនួន៣ម៉ឺនដុល្លារអាម៉េររិក ដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ក្រោយគ្រោះធម្មជាតិ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលកន្លងមក។នេះបើយោងតាមផេកផ្លូវការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន ស្ថិតនៅឃុំ គគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រៅពីផ្តល់ថវិកាជាជំនួយសប្បុរសធម៌នេះឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្ដមឯកអគ្គរាជទូតថៃ ក៏បានជួបពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការងារគ្រោះមហន្តរាយជារវាង កម្ពុជា និងថៃ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋថៃ ដែលបានផ្តល់ថវិកា៣ម៉ឺនដុល្លារអាម៉េរិក ដើម្បីដោះស្រាយការលំបាករបស់កម្ពុជាបណ្តាលមកពីគ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងទៅនេះ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានហៅជំនួយសប្បុរសធម៌នេះ គឺបង្ហាញឱ្យឃើញពីស្មារតីនៃការជួយយកអាសារគ្នារបស់រាជរដ្ឋាភិបាលថៃ ក្នុងនាមជាប្រទេសភូមិផង និងជាប្រទេសមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកម្ពុជា។ ឯកឧត្ដម ក៏បានជម្រាបឯកអគ្គរាជទូតថៃ ពីផលប៉ះពាល់របស់កម្ពុជាបណ្តាលពីជំនន់ទឹកភ្លៀង និងចំណាត់ការបន្ទាន់មួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះពីទឹកជំនន់ និងការផ្តល់ស្បៀងអាហារជាដើម។ ជាពិសេស គឺការឆ្លើយបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់។ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានអរគុណភាគីថៃ ដែលបានចូលរួមសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់នៅតាមព្រំដែន តាមរយៈកិច្ចសហការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធទឹកធ្លាក់ពីខាងប្រទេសថៃ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើភាគីថៃ បន្តផ្តល់កិច្ចសហប្រតិបត្តិការបែបនេះបន្តទៀតសម្រាប់ឆ្នាំខាងមុខៗ ដើម្បីធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយនេះ។ ជាងនេះទៀតឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអរគុណរាជរដ្ឋាភិបាលថៃ ដែលបានចូលរួមសហការក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិ បង្កឡើងដោយជំងឺកូវីដ-១៩ ជាពិសេសបានជួយយកចិត្តទុកដាក់ដល់ការរស់នៅ និងធ្វើការរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩នេះ។

ឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញវិធានបន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាបង្កឡើងដោយគ្រោះទឹកជំនន់ ជាពិសេសការដោះស្រាយបានយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចក្នុងអំឡុងពេលនេះ។ ឯកឧត្ដមឯកអគ្គរាជទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម ដែលបានចុះធ្វើសកម្មភាពដោយផ្ទាល់នៅតំបន់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ ហើយជួយដោះស្រាយបានល្អប្រសើរ និងទាន់ពេលវេលា។ ឯកឧត្ដមឯកអគ្គរាជទូតថៃ ក៏បានបង្ហាញពីជំហរនិងស្មារតីរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចូលរួមសហការជានិច្ចជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងឡាយនៅតាមព្រំដែន មិនថាគ្រោះទឹកជំនន់ គ្រោះមហន្តរាយផ្សេងៗ ឬបញ្ហាជំងឺកូវីដ១៩នោះទេ៕

ដោយ ជឹម ណារី