រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ រយៈពេល៦ខែ គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិបានពង្រឹងនូវទំនាក់ទំនងល្អជាមួយដៃគូ និងស្ថាប័នផ្សេងៗ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងរយៈពេល ៦ ខែ កន្លងមកនេះ គណ:កម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរ ជាតិ នៃក្រសួងព័ត៌មាន បានបូកសរុបលទ្ធផលការងារ និងបន្តពង្រឹងរាល់កិច្ចការងារ ព្រោះមានសារៈសំខាន់ទាក់ទងទៅនឹងដំណើរការរបស់ក្រសួងព័ត៌មាន ក៏ដូចជាទំនាក់ទំនងគ្នាល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូ និងស្ថាប័នផ្សេងៗ។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ ខែ និងទិសដៅការងារបន្តរបស់គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា គណៈកម្មាធិការនេះ ក៏បន្តពង្រឹងនូវផ្នែកមួយចំនួន ដូចជាពិធីការ គម្រោងកិច្ចសហប្រតិបត្តិការជាមួយ ដៃគូដែលមានស្រាប់ និងបណ្តាដៃគូដទៃទៀត ជាពិសេសការពង្រឹងការងារបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់មន្រ្តីក្រសួងព័ត៌មាន ធ្វើការសិក្សាទាំងក្នុង និងក្រៅប្រទេស ឱ្យមានជំនាញ និងសមត្ថភាព កាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា អ្វីដែលសំខាន់ សម្រាប់ការកសាងធនធានមនុស្ស ក្នុងវិស័យព័ត៌មានបានល្អគឺអាចជួយដល់ការពង្រឹងទំនាក់ទំនងល្អ រវាងប្រទេស និងប្រទេស ក្នុងតំបន់ និងសកលលោកផងដែរ។

ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មានបានលើកឡើងពីទិសដៅ ការងារសម្រាប់អនុវត្តន៍បន្តរបស់គណ:កម្មាធិការ គឺបន្តចូលរួមជាមួយប្រជាជន នៃសហគមន៍ អាស៊ាន និងសហភាពអឺរ៉ុប លើប្រធានបទពង្រឹង និងពង្រីកចំណងមិត្តភាពសេរីភាព សារព័ត៌ មាន និងធុរកិច្ច ព្រមទាំងគម្រោងអនុវត្តន៍ការងារនៅគ្រប់កិច្ចសហការជាមួយដៃគូ ពាក់ព័ន្ធ ទាំងអស់។

ឯកឧត្ដមបានបន្ដថា គណៈកម្មាធិការនេះ អនុវត្តន៍អនុស្សរណ:នៃការយោគយល់គ្នាជាមួយភាគីដៃគូ លើកអំពីគុណតម្លៃរបស់ថ្នាក់ដឹកនាំចំពោះគណ:កម្មាធិការ បើទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែបានបន្តកិច្ចសហការរបស់ខ្លួនតាមរយៈការប្រជុំតាមប្រព័ន្ធអនឡាញ។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ដែលមានយន្តការធ្វើកិច្ចការងារ ដោយនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ជាសេនាធិការផ្ទាល់ ក្នុងការប្រមូលចងក្រង គ្រប់ព័ត៌មានទាំងអស់ ដែលមានការទាក់ទងទៅផ្នែកអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេស នានា ក្នុងពិភពលោក។

គណ:កម្មាធិការនេះ មានភារកិច្ច ផ្តួចផ្តើមគំនិតក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងលើកគម្រោងកិច្ចសហប្រតិបត្តិការជាមួយភាគីដៃគូអន្តរជាតិ រៀបចំនិងចងក្រងសេចក្តីព្រាងនានា ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីដៃគូ ពិនិត្យ និងពិភាក្សាលើខ្លឹមសារលើសេចក្តីព្រាង កិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការដែលបានស្នើឡើង ដោយភាគីដៃគូ។ ជាមួយគ្នានេះ ស្នើសុំគម្រោងគ្រប់គ្រងតាមដានការអនុវត្តគម្រោង និងកម្ម វិធីដែលស្ថិតក្រោមកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងផែនការកិច្ចសហ ប្រតិបត្តិការជាមួយភាគីអន្តរជាតិ រួមទាំងកិច្ចការងារសំខាន់ៗមួយចំនួនទៀតផងដែរ។

បើតាមរបាយការណ៍បូកសរុបរបស់ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មានបានបង្ហាញពីកិច្ចការងារដែលធ្វើបានក្នុងរយៈពេល ៦ ខែមកនេះ ដោយបានប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋានទាំង៥ និងសមាជិកទាំងអស់ សម្រាប់ជាសេចក្តីព្រាងផែនការសកម្មភាព សម្រាប់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា-ឡាវ ២០២០-២០២៤។

ឯកឧត្ដមបានបញ្ជាក់ថា គណៈកម្មាធិការក៏បានបង្កើតក្រុមការងារចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ផ្តាស់ប្តូរភាពយន្តឯកសារ កម្ពុជា-ចិន កិច្ចសហការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០២១ កិច្ចសហការរៀបចំវេទិកាកម្ពុជា-ចិន ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។ ទន្ទឹមនេះ ក៏មានកិច្ចការងារជាច្រើនទៀតជាមួយប្រទេសចិន ក៏ដូចជាបណ្តាប្រទេសជាដៃគូជាមួយក្រសួងព័ត៌មាន រួមមាន វៀតណាម ឡាវ ថៃ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មីយ៉ាន់ម៉ា ទីម័រឡេសតេ រុស្ស៊ី សហភាពអឺរ៉ុប និងកិច្ចការងារ ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានអាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ការផ្សព្វផ្សាយ ៕ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា