គ្រូបង្គោលបឹងកេត ប្តេជ្ញាចិត្តថាខិតខំដឹកនាំ សម្រាប់រដូវកាល ២០២១

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

គ្រូបង្គោលក្លឹបបាល់ទាត់បឹងកេត លោក គឹម ភក្តី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ឱ្យដឹងថា លោកប្តេជ្ញាចិត្តថានឹងខិតខំដឹកនាំកូនក្រុមសម្រាប់ការហ្វឹកហាត់ និងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីបន្តរក្សាលទ្ធផលល្អនារដូវកាល ២០២១ ក្រោយពីលោកត្រូវបានក្លឹបផ្តល់សេចក្តីទុកចិត្តឱ្យបន្តដឹកនាំជាគ្រូបង្គោលពេញសិទ្ធិ នារដូវកាល ២០២១។

គ្រូបង្គោល លោក គឹម ភក្តី លើកឡើងថា «ខ្ញុំពិតជារីករាយ ដែលលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត និងថ្នាក់ដឹកនាំក្លឹបទាំងអស់ផ្តល់សេចក្តីទុកចិត្តឱ្យខ្ញុំទទួលបន្ទុកជាគ្រូបង្គោលពេញសិទ្ធិ សម្រាប់ការដឹកនាំសម្រាប់ការប្រកួតលីគកំពូលកម្ពុជា នារដូវកាល ២០២១ ខាងមុខ។ ខ្ញុំ និងកីឡាករ រួមទាំងក្រុមការងារទាំងអស់នឹងបន្តការប្រឹងប្រែងរួមគ្នា ដើម្បីប្រជែងឱ្យបាននូវសមិទ្ធផលល្អៗបន្ថែមទៀត»។

គ្រូបង្គោលក្លឹបបឹងកេត ដែលកាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិតអាស៊ី (AFCLicence)រូបនេះបន្ថែមថា នេះជាតួនាទីដ៏ធំ ហើយក៏ធ្ងន់ធ្ងរដែរ ដែលយើងត្រូវតែដឹកនាំដោយស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា ទាំងពេលបង្វឹកដល់កីឡាករ ក៏ដូចជាដឹកនាំការប្រកួត ពេញមួយរដូវកាល ២០២១។

សូមរម្លឹកផងដែរថា កាលពីអំឡុងពាក់កណ្តាលរដូវកាល ២០២០ លោក គឹម ភក្តី ត្រូវបានក្លឹបបឹងកេត ឱ្យលោកដែលជានាយកបច្ចេកទេសរបស់ក្លឹបដឹកនាំជាគ្រូបង្គោលបណ្តោះអាសន្ន ដោយលោកបានខិតខំធ្វើឱ្យកូនក្រុមឈ្នះការប្រកួតជាបន្តបន្ទាប់រហូតដល់ក្រុមបឹងកេតក្លាយជាម្ចាស់ជើងឯក ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ ហើយលោកបានឈ្នះពានរង្វាន់គ្រូបង្វឹកល្អ ប្រចាំរដូវកាល ២០២០ នេះផងដែរ ដោយក្រុមបឹងកេតឈ្នះប្រាក់រង្វាន់ ចំនួន ១៥០លានរៀល។ ឆ្លងកាត់១៧ប្រកួត បឹងកេត ឈ្នះ១២ប្រកួត ស្មើ៥ប្រកួត និងមិនដែលចាញ់ មាន៤១ពិន្ទុ គ្រងម្ចាស់ជើងឯកលីគ ខណៈក្រុមរងជើងឯក ៤១ពិន្ទុដែរ បានទៅលើក្រុមព្រះខ័នរាជស្វាយរៀង និងលេខ៣ ភ្នំពេញក្រោន ដែលមាន ៣៣ពិន្ទុ៕

ដោយ ហេង ណាលីន