ផ្លូវចូលទៅកាន់ភូមិជនជាតិព្រៅ ត្រូវបានអាជ្ញាធរស្រុកសេសាន ស្ថាបនាជាផ្លូវបេតុងហើយ

 

វិទ្យុជាតិកម្ពុជា៖ គឹមហឿន 

ស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសាន បានស្ថាបនាផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រចូលទៅកាន់ភូមិកាតូត ដែលបងប្អូន ជនជាតិព្រៅរស់នៅ សម្រាប់ឱ្យពួកគាត់ធ្វើចរាចរបានស្រួលនៅចុងឆ្នាំ២០២០នេះ។ 

ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ផ្លូវបេតុង នៅភូមិកាតូត ក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី១៦វិច្ឆិកា លោក វណ្ណ វែង ប្រធានសហគមន៍ជនជាតិដើមភាគតិចព្រៅបានបញ្ជាក់ថា ផ្លូវបេតុងថ្មីដែលមានប្រវែងជាង៥០០ម៉ែត្រ និង ទទឹង៦ម៉ែត្រនេះ អាជ្ញាធរស្រុកនិងឃុំបានរៀបចំគម្រោងសងសង់ឡើង ដើម្បីសម្រួលជូនប្រជាពលរដ្ឋ ឱ្យងាយស្រួល ធ្វើដំណើរទៅមកតាមផ្លូវនេះ ។ 

លោកបន្តថា៖«កន្លងមកបងប្អូនជនជាតិព្រៅនៅភូមិកាតូតធ្វើដំណើរតាមផ្លូវនេះ ជួបភាពលំបាកជាច្រើនឆ្នាំមកហើយ   ជាពិសេសពេលឈឺគ្រុនម្តងៗ ចេញទៅមន្ទីរពេទ្យខេត្តមិនដែលបានទាន់ចិត្តទេ ទើបនៅឆ្នាំនេះលោកអភិបាលស្រុក បានសម្រេចសាងសង់ជាផ្លូវបេតុងជំនួសផ្លូវលំ ឱ្យស្រួលទៅមក»។ 

     លោក សុវណ្ណ ពិសេដ្ឋ​ អភិបាលស្រុកសេសានបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះវាគួរតែធ្វើយូរណាស់មកហើយ គ្រាន់តែការរៀបចំអភិវឌ្ឍន៍ផ្លូវស្ពាននៅមូលដ្ឋាន អាជ្ញាធររៀបចំធ្វើទៅតាមដំណាក់កាលនីមួយៗ តែការធ្វើយឺតវាល្អ ជាងមិនបានធ្វើសោះ។  

លោកអភិបាលស្រុកបានអះអាងថា ផ្លូវបេតុងនេះលោកនិងជំរុញក្រុមបច្ចេកទេសសាងសង់ឱ្យហើយនៅដំណាច់ខែវិច្ឆិកានេះ   ព្រោះតំបន់ភូមិជនជាតិព្រៅ មានភ្ញៀវទេសចរមកទស្សនាកម្សាន្តជាហូរហែពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ណាក់ ណាន ប្រជាពលរដ្ឋនៅភូមិកំភុនបានចាត់ទុកថា ការស្ថាបនាផ្លូវនេះមានលក្ខណចាំបាច់ ជាងផ្លូវចេញទៅភូមិ កំភុន ព្រោះនេះជាផ្លូវដើមខ្សែបម្រើការដឹកជញ្ជូនផលកសិកម្មរបស់កសិករចេញទៅផ្លូវជាតិលេខ៧៨ ទៅកាន់ទីប្រជុំជន (អូរពងមាន់)ក្រចេះ ស្ទឹងត្រែង រតនគីរី និងទៅដល់ទីរួមខេត្តស្ទឹងត្រែងផង។  

          សូមបញ្ជាក់ថា ផ្លូវបេតុងប្រវែងជាង៥០០ ម៉ែត្រនិងទទឹង៦ម៉ែត្រនេះ ត្រូវបានអាជ្ញាធរស្រុកសេសាន និងឃុំកំភុន ចំណាយថវិកាមូលនិធិស្រុកផងនិងឃុំផង ជិត៥០០លានរៀល ៕