សហព័ន្ធស្រូវអង្ករកម្ពុជា ប្រតិកម្មជាខ្លាំងចំពោះជនអគតិមួយក្រុមតូចដែលមានចេតនាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រតិកម្មជាខ្លាំងចំពោះទង្វើថ្មីៗរបស់ជនអគតិមួយក្រុមតូច ដែលមានចេតនាអាក្រក់ លើវិស័យស្រូវអង្ករកម្ពុជា ដោយយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និងបំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ។ 

យោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាមានការសោកស្តាយ ចំពោះទង្វើថ្មីៗបស់ជនអគតិមួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កសិករខ្មែរ ដែលទង្វើនេះ ត្រូវបានធ្វើឡើងដោយអតីតក្រុមជ្រុលនិយមក្រៅច្បាប់ នៅក្នុងតំបន់មួយនៃប្រទេសអូស្ត្រាលី ដឹកនាំដោយ ឈ្មោះ ខៀវ ដារ៉ា បានតាំងខ្លួនថាជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលី មួយរូបដោយបានចោទថា អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹង ការរំលោភសិទ្ធិមនុស្ស។  

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋានច្បាស់លាស់និងចង់បំផ្លាញផលប្រយោជន៍របស់ ប្រទេសកម្ពុជា ជាពិសេសផលប្រយោជន៍របស់កសិករខ្មែរ។ ការចោទប្រកាន់ខាងលើ គឺជាចេតនាអាក្រក់ក្នុងការបំផ្លាញ កេរ្តិ៍ឈ្មោះអង្ករខ្មែរ និងមោទនភាពរបស់ប្រជាកសិករខ្មែរ។ សេចក្តីថ្លែងការណ៍បន្តថា ជាច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល កម្ពុជាបានលើកលែងការបង់ពន្ធលើដីស្រែ និងពន្ធគ្រប់ប្រភេទលើធាតុចូលកសិកម្ម ព្រមទាំង គោលនយោបាយអគ្គិសនី សម្រាប់កសិកម្មផងដែរ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានជួយដល់កសិករ តាមរយៈកញ្ចប់ឥណទានពិសេស   ផ្តល់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលធ្វើឱ្យលំនឹងទីផ្សារមានស្ថិរភាព ។ 

ប្រភពបន្តថា ទោះបីជាស្ថានភាពទីផ្សារអង្កររបស់ពិភពលោកនៅក្នុងឆ្នាំ២០២០នេះ មានការធ្លាក់ចុះតម្លៃប្រមាណជា ២៥ភាគរយយ៉ាងណាក្តី ក៏តម្លៃទីផ្សារស្រូវនៅកម្ពុជាសម្រាប់កសិករនៅតែមានតម្លៃសមរម្យ ។ ក្រៅពីនេះក៏មានអង្គការអន្តរជាតិនានា បានចូលរួមពង្រីកវិសាលភាពការងារបន្ថែមលើគម្រោងទីភ្នាក់ងារអភិវឌ្ឍន៍នានា ដោយបង្កើតជាកម្មវិធីតូចៗ ដែលអាចតាមដាន និងផ្តល់គុណតម្លៃបន្ថែម ដល់ការអនុវត្តការងារស្រូវអង្ករ ជួយលើកស្ទួយ ដល់ជីវភាពកសិករខ្មែរ ។ 

សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយនៅក្រៅច្បាប់ សូមកុំឱ្យយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និងបំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ។សហព័ន្ធស្រូវអង្ករកម្ពុជាក៏សូមអំពាវនាវដល់ប្រជាកសិករនិងមហាជនទាំងក្នុងស្រុក និងក្រៅស្រុកសូមកុំឱ្យជឿតាមការប្រឌិត ការញុះញង់របស់ក្រុមជ្រុលនិយមទាំងនោះ ៕