ក្រសួងអប់រំជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្ដចូលរួមអនុវត្តតាមគោលការណ៍ណែនាំថ្មី ស្ដីពី «ដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺកូវីដ-១៩»

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ ក្រសួងអប់រំ បានជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តចូលរួមអនុវត្តតាមគោលការណ៍ណែនាំថ្មី ស្ដីពី «ដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺកូវីដ-១៩» ដើម្បីធានាបាននូវសុវត្ថិភាពដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សា។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅក្នុងបរិបទជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក រួមទាំងប្រទេស កម្ពុជាផងដែរនោះ ក្រសួងអប់រំ បានបង្កើតជាឯកសារសម្រាប់ ដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជាជំនួយផ្នែកបច្ចេកទេសបន្ថែមដល់ គណៈគ្រប់គ្រង និងគ្រូបង្រៀន យកទៅអនុវត្ត ក្នុងការធានាបាននូវការបើកដំណើរការជួយដល់គ្រឹះស្ថានសិក្សាឡើងវិញ ប្រកបដោយបរិយាកាសសុវត្ថិភាពសម្រាប់គ្រៗគ្នា។
ឯកឧត្តមបានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគ្រូបង្រៀនទាំងអស់ បន្តអនុវត្ត នូវវិធានការនានា ប្រកបដោយស្មារតីទទួលខុសត្រូវ។
«ក្រសួងអប់រំយុវជននិងកីឡាសូមគោរពថ្លែងអំណរគុណក៏ដូចជាសូមអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន លោកគ្រូ អ្នកគ្រូ មេត្តាបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្ដង់ដារចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ហើយនិងផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលការណ៍ណែនាំស្ដីពីដំណើរការ គ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់»។

ឯកឧត្តម បានបញ្ជាក់ថា សៀវភៅណែនាំស្តីពីដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺកូវីដ-១៩ សម្រាប់គណៈគ្រប់គ្រង និងគ្រូបង្រៀន ជាទុនក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពសិក្សា ដើម្បីឆ្លើយតបទៅនឹងការ គ្រប់គ្រង ទប់ស្កាត់ បង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន នៅក្នុងប្រទេសកម្ពុជា៕​