សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ នាំ​យកនំ Solite ចែកជូន​កុមារកំព្រា​អង្គការ​ម្លប់​តាប៉ាង

AKP ព្រះសីហនុ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នា​រសៀល​ថ្ងៃ​១​កើត ខែ​មិគសិរ ឆ្នាំជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកជំទាវ ប្រាក់ ចន្ទ​សុខា ហិ​រ​ញ្ញិ​ក​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ តំណាង​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ រួមជាមួយ​មន្ត្រី​សាខា អនុសាខា បាន​នាំ​យកនំ Solite សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ចែកជូន​កុមារកំព្រា អង្គការ​ម្លប់​តាប៉ាង មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​ក្នុងឱកាស​នោះដែរ​លោក ជំទាវ ប្រាក់ ចន្ទ​សុខា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ កុមារកំព្រា ដោយ​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​ប្រកាន់​និន្នាការ​ន​យោ បាយឡើយ ។​

​ទន្ទឹម​នោះ​ផងដែរ លោកជំទាវ ក៏បាន​សំណូមពរ​ដល់​លោកគ្រូ អ្នកគ្រូ កុមារ​ទាំងអស់​ចូលរួម​អំពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ ត្រូវ​លើកកម្ពស់​ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការធ្វើ​អនាម័យ​ពី​អវិជ្ជមាន ទៅ​វិជ្ជមាន​ជាប់​ជាប្រចាំ ដោយ​លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ប្រសិនបើ​ចេញទៅ​ទីសាធារណៈ​ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា​ឱ្យបាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​សម្ភារ​ដែល​បាន​ផ្តល់ជូន​កុមារកំព្រា អង្គការ​ម្លប់​តាប៉ាង មាន​នំ Solite ៦០០​ប្រអប់ ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​