អភិបាលខេត្ត នាំ​អំណោយ និង​ថវិកា ៤០​លាន​រៀល ជូន​កាកបាតក្រហមកម្ពុជា​

AKP កណ្តាល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ ថ្ងៃ​ចន្ទ ១​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​នាំយក​អំណោយ​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា ដោយបាន​ផ្តល់​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​កន្លងមក ប្រគល់ជូន​ដល់​កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​រាជធានី​ភ្នំពេញ​។​

​អំណោយ​ទាំងនេះ​មាន​អង្ករ​ចំនួន​២០​តោន និង​ថវិកា​ចំនួន​៤០​លាន​រៀល នេះ​ជា​សក្ខីភាព​នៃ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់​សប្បុរសជន​នានា ដែល​បានបង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គីភាព​របស់​ប្រជាជន​ខ្មែរ «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​កាន់តែ​រឹងមាំ​»​។​

​ក្នុងឱកាស​នោះ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​មានប្រសាសន៍ថា សូម​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ជា​ធនធាន​ថវិកា​ផ្ទាល់ខ្លួន ក្នុង​ការជួយ​ដល់​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត សូម​ទទួលបាន​នូវ​ពុទ្ធពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ ដោយ ណ​យ នឿន ប្រភព​៖ រដ្ឋបាល​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​