អភិបាលខេត្ត​បាត់ដំបង ចែក​ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​គាស់ក្រឡ​

AKP បាត់ដំបង ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ពូជ​ដំណាំ​បន្លែ​ដល់​ប្រជាពលរដ្ឋ ៧៥០​គ្រួសារ នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែលមាន​ការអញ្ជើញ​ចូ​លួ​ម​ពី​ឯកឧត្តម តំណាង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក តំណាង​សប្បុរជន ក្រុមហ៊ុន និង​អាជ្ញារ មូលដ្ឋាន​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម ងួន រតនៈ បាន​មានប្រសាសន៍ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្តបាត់ដំបង បានផ្តល់​ពូជស្រូវ​កន្លងមក​ថ្មីៗ​នេះ​ចំនួន ១.០៥០​តោន ចែកជូន​ប្រចាព​ល​រដ្ឋ​ចំនួន ១០.៥០០​គ្រួសារ​ផងដែរ​។
​ឯកឧត្តម អភិបាលខេត្ត បាន​បន្តទៀតថា ចំពោះ​ទិន្នន័យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​មាន​ប្រមាណ​ជាង ៧.០០០​គ្រួសារ ហើយ​យើង​បាន​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​រហូត​ទៅដល់​ជាង ១០​ម៉ឺន ៥​ពាន់​គ្រួសារ​។ ទាំងនេះ​ស្តែង​បញ្ជាក់​ឱ្យឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​ចេះ​ស្រឡាញ់គ្នា ជាពិសេស​អ្នកមាន​ធនធាន​បានធ្វើការ​ចែករំលែក​ធ​ន​ធាន​ផ្ទាល់ខ្លួន​របស់គាត់ ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម ងួន រតនៈ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការពារ​ខ្លួន ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឱ្យបាន​ញឹកញាប់ ហើយ​ប្រសិន​មាន​សាច់ញាតិ​មកពី​ក្រៅប្រទេស ត្រូវ​ណែនាំ​គាត់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​ចៀសវាង​ការឆ្លង​ដោយ​ប្រការ​ណាមួយ ។ ពីព្រោះ​ជំងឺ​កូ​វីដ​-១៩ នេះ​កំពុង​រាល​ត្បា​ត​ជាស​កល ហើយ​ប្រទេសជិតខាង​របស់​យើង​ក៏មាន​ជំងឺ​នេះ​ផងដែរ ៕ ដោយ ណ​យ នឿន ប្រភព​៖ រដ្ឋបាលខេត្ត​បាត់ដំបង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​