ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកានិងអ្នកដែលសង្ស័យទាំងអស់ ត្រូវពាក់ម៉ាស់និងធ្វើចត្តាឡីស័កដោយស្មារតីទទួលខុសត្រូវ

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា

MC៖ ក្រសួងសុខាភិបាលបានបន្តអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា និងអ្នកដែលសង្ស័យទាំងអស់ ត្រូវពាក់ម៉ាស់ហើយធ្វើចត្តាឡីស័កដោយស្មារតីទទួលខុសត្រូវ ដើម្បីការពារកុំឱ្យជំងឺកូវីដ-១៩ ឆ្លងទៅក្នុងសហគមន៍ ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍៣វិច្ឆិកា ករណីដែលយើងធ្វើតេស្តលើកទី៣ ក្នុងចំណោមសំណាក ១៣៥២ គឺអវិជ្ជមានទាំងអស់ តែទោះយ៉ាងណាក៏នៅមានតេស្ត ម្ដងទៀតនៅថ្ងៃទី ១៨ ខែវិច្ឆិកា ដូច្នេះសូមឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីចូលរួមការពារកុំឱ្យមាន ការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។
លោកជំទាវបន្តថា ក្នុងអំឡុងពេលនេះប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគម្លាតពីគ្នា និងបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
« នាងខ្ញុំសូមគោរពអង្វរយ៉ាងទទូច ក៏ដូចជាសំណូមពរទៅដល់អ្នកពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋ ដែលមានការ សង្ស័យខ្លួនឯង ត្រូវតែបន្តធ្វើចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួន ហើយបន្តអនុវត្តន៍នូវវិធានសុខាភិបាល ប្រើប្រាស់ម៉ាស់ពាក់ ជាប់ជានិច្ច មិនថាក្នុងកាលៈទេសៈណាទេ បើសិនជាដឹងថាយើងអាចមានហានិភ័យ គឺថាម៉ាស់ត្រូវមានជាប់ខ្លួនជានិច្ច លាងដៃជាមួយសាប៊ូឫអាកុល សម្អាតបរិស្ថានជុំវិញខ្លួន ហើយជាពិសេសប្រសិនបើមានបញ្ហាសុខភាព មានការប្រែប្រួល ក្នុងខ្លួន ត្រូវទាក់ទងសុខាភិបាល យើងមានលេខបន្ទាន់១១៥ មណ្ឌលសុខភាពដែលនៅជិតផ្ទះ សូមទាក់ទងមកភ្លាម បើមានការសង្ស័យ » ។
គួរជម្រាបថា ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ បានធ្វើតេស្តលើមនុស្សចំនួន ២០៩,១១០នាក់ ស្មើនឹង ១២,៤៤៧សំណាក ក្នុង១លាននាក់ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងឱ្យដឹងថា គិតត្រឹមម៉ោង០៨:០០ ព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០២០ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩សរុបចំនួន ៣០២នាក់ ,កំពុងសម្រាកព្យាបាល ចំនួន១៣នាក់ និងអ្នកជាសះស្បើយ សរុបចំនួន ២៨៩នាក់ និង គ្មានករណីស្លាប់ឡើយ ៕​