រកឃើញសត្វស្លាបទឹកជាច្រើនប្រភេទនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវ

 

វិទ្យុជាតិកម្ពុជា អត្ថបទ៖ សេង សុផាន់ណា  

តាកែវ៖  ក្រុមអ្នកអភិរក្សបន្តរកឃើញសត្វស្លាបទឹកជាច្រើនប្រភេទនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ដែលនេះ ជាការបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាបន្តមានវត្តមានប្រភេទសត្វកម្រនេះវិញហើយ ។       

លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជាអង្គការជីវិតសត្វស្លាបអន្តរជាតិ បានប្រាប់ឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ចំនួនសត្វស្លាបទឹកជាច្រើនប្រភេទ  នៅតែបន្តមានវត្តមាននៅកម្ពុជា បានកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ។  សត្វទាំងនោះមានដូចជា៖  សត្វស្មោញ ដែលជាប្រភេទសត្វងាយរងគ្រោះត្រូវបានរកឃើញចំនួន១០សម្បុក ក្អែកទឹកចំនួន៣០សម្បុក ខ្វែកចំនួន៦០សម្បុក ក្រសារធ្នង់ចំនួន២សម្បុក ក្រសារប្រផេះចំនួន១៩សម្បុក កុកគ្រោងតូចចំនួន១០សម្បុក និងកុកគ្រោងមធ្យមចំនួន១៥សម្បុក ដែលកំពុងកាច់សម្បុកពងកូននៅតំបន់ទេសភាពបឹងព្រែកល្ពៅ។

លោកបានបញ្ជាក់ថា ការរកឃើញសម្បុកសត្វស្លាបទឹកជាច្រើនប្រភេទដែលមានចំនួនដល់រាប់ពាន់សម្បុកនេះ គឺបានបញ្ជាក់ថា តំបន់ដីសើមបឹងព្រែកល្ពៅជាទីតាំងទ្រទ្រង់ជីវចម្រុះដ៏សំខាន់ របស់ខេត្តតាកែវ ក៏ដូចរបស់

ប្រទេសកម្ពុជា ហើយក៏ជាទីតាំងដែលមានសក្តានុពល សំរាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍ធម្មជាតិនាថ្ងៃអនាគត។ លោកបានបន្តថា យើងត្រូវបន្តអភិរក្ស ឬការពារទីជម្រករបស់

ពួកវាបាន ដោយឡែកសហការជាមួយក្រសួងបរិស្ថានជាមួយអាជ្ញាធរមូលដ្ឋាន យើងមានឧទ្យានុរក្ស និងក្រុមអ្នកអភិរក្សមូលដ្ឋានដែលប្រចាំការនៅទីនោះ ២៤ម៉ោងលើ២៤ម៉ោង ដែលកាលមុនល្បាតតែថ្ងៃ ដល់ពេលយើងរកឃើញសម្បុកពងកូន នឹងល្បាតដល់ពេលយប់ទៀត ដើម្បីចៀសវាងការរំខានពីក្រុមជនខិលខូចមួយចំនួនចូលយកពងកូននៅពេលយប់ ។

លោក ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហគមន៍មូលដ្ឋានត្រូវចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយការទន្រ្ទានយកដី បំលែងទីជម្រក ការដុតព្រៃលិចទឹក ការបំពុល ការបរបាញ់ ការរំខាន និងការនេសាទខុសច្បាប់ជាដើម ខណៈតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវ ជាសម្បត្តិធម្មជាតិដ៏ល្អគ្មានពីរ របស់ខេត្តតាកែវ ដែលត្រូវចូលរួមការពារទាំងអស់គ្នា៕