គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ ថវិកាឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០–

គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ តាមនីតិវិធីទំាងស្រុង និងបានត្រៀមផ្ញើជូនទៅ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ថវិកានាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅវិមានរដ្ឋសភាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់ បញ្ហាប្រឈម និងហានិភ័យ ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល។ កម្ពុជាក៏មិន អាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយបាន និងកំពុងទទួលរងនូវផលប៉ះពាល់ អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់ នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការ ងើបឡើងវិញនូវកំណើន សេដ្ឋកិច្ចក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តន៍កិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាល អាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នា រយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

តំណាងរាជរដ្ឋាភិបាលបានបន្តថា ថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេសសំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិត ប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើន សេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ១៩។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា គឺជាការរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ក្នុងគោលដៅ ដោះស្រាយឱ្យបានជាសារវ័ន្តនូវសេចក្តីត្រូវការក្នុងការឆ្លើយតបទៅនឹង អាទិភាពគោល នយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្ដល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងការទន្ទឹងរង់ចាំ និងបំណងប្រាថ្នារបស់ប្រជាជនដែលជាម្ចាស់ឆ្នោតនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសពីការ អនុវត្តឱ្យចេញជាលទ្ធផលជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងសមាជិកចូលរួមប្រជុំបានគំាទ្រដល់ សេចក្តីព្រាងច្បាប់ទំាងពីរ និងបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ណាស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងពីរនេះរៀបចំ ឡើងស្របតាមច្បាប់ជាធរមាន និងទាន់ពេលវេលា និងសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ គណៈកម្មការរដ្ឋសភា បានឯកភាពគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ និងសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ទាំងពីរនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យដាក់ បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕ ដោយ៖ប៉ាល់ សុង

សម្រួលផ្សាយ៖ កន ចំណាន