ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវជំរុញការស្ថាបនាឱ្យរួចរាល់ក្នុងរយៈពេល១៣ខែ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ១១ ២០២០


MC: ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប នឹងត្រូវជំរុញការស្ថាបនាឱ្យរួចរាល់ក្នុងរយៈពេល១៣ខែ បន្ទាប់ពីរាជរដ្ឋាភិបាលបើកសម្ពោធ ការដ្ឋានសាងសង់នៅចុងខែវិច្ឆិកានេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើ គុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក។ ឯកឧត្តម បន្តថា ការសាងសង់នេះ ត្រូវបានបែងចែកជា៤ប្រភេទ ដោយប្រភេទទី១ ចាក់បេតុងកម្រាស់២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ចំណែកប្រភេទទី១ គឺចាក់បេតុងកម្រាស់២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់៧សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ខណៈប្រភេទទី៣ ជួសជុលគ្រឹះមិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤ អ៊ុតកៅស៊ូបេតុង កម្រាស់១៥សង់ទីម៉ែត្រពីលើតែម្ដង ដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា មកដល់ពេលនេះ ការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបានសម្រេចជិត១០០ភាគរយហើយ ដោយប្រជាពលរដ្ឋខ្លះស្ម័គ្ររុះរើសំណង់ ដែលប៉ះពាល់ដល់គម្រោងដោយខ្លួនឯង។
សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតក្នុងគម្រោង ចំណាយពី១០០ ទៅ១៥០លានដុល្លារអាមេរិក៕