ក្រសួងបរិស្ថានបើកការស្រាវជ្រាវប្រវត្តិកកើតដុំថ្មក្នុងសម័យអង្គរ ស្ថិតក្នុងខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង


Mc ៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថានបានណែនាំឱ្យមន្ត្រីជំនាញបើកការស្រាវជ្រាវពីប្រវត្តិនៃការកកើតថ្មក្នុងសម័យអង្គរ ស្ថិតក្នុងខេត្តស្ទឹងត្រែង ដើម្បីចងក្រងពីប្រវត្តិខេត្តទុកជាឯកសារ ឱ្យកូនខ្មែរបានសិក្សានឹងស្គាល់។
ក្នុងឱកាសពិនិត្យថ្មសម័យអង្គរនៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ថ្មនេះអាចចាត់ទុកជាទិន្នន័យមួយធ្វើជាភស្តុតាងសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ បានសិក្សាយល់ដឹង និងរួមគ្នាថែរក្សាទាំងអស់គ្នានូវសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ។
ឯកឧត្តមមានប្រសាសន៍ថា៖ ភស្តុតាងទាំងនេះ យើងត្រូវសួរនាំបន្ថែមទៅមនុស្សមានវ័យចំណាស់ ដើម្បីឱ្យបាន ដឹងច្បាស់ ព្រោះឯកសារកាលពីសម័យបារាំងដែលបានបោះពុម្ភនៅឆ្នាំ១៩៣០ស្តីពីការបង្កើតឡើងនូវរាជធានី/ខេត្ត យើងមានមួយចំនួនហើយ។ រាល់ឯកសារទាំងនេះ យើងបានជាមូលដ្ឋានសម្រាប់ធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង ដូចជាដុំថ្មនេះជាដើម។
លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ចាក់ថា៖ តាមរយៈភស្តុតាងមួយនេះ អាចចាត់ទុកខេត្តស្ទឹងត្រែង មានវ័យចំណាស់ ព្រោះថ្មនេះ ជាមរតកដូនតាដែលបាននៅសេសសល់ កប់ក្នុងដី ដែលមានទីតាំង ចម្ងាយចេញពីតួ ប្រាសាទបាគូប្រមាណមួយគីឡូម៉ែត្រតែប៉ុណ្ណោះ។
លោកទទួលស្គាល់ថា៖ កេរ្តិ៍ដំណែលពីដូនតាដែលបន្សល់ទុកនេះ ពិតជាបានបង្ហាញអាយុកាលដ៏វែងឆ្ងាយនៃការកកើត ទឹកដីនៅភូមិករមានមនុស្សរស់នៅពិតប្រាកដមែន ដោយសារថ្មនេះបង្ហាញពីមនុស្សជំនាន់ដើម ដែលបានរៀបចំឡើង ហើយក្រុមការងារថ្នាក់ស្រុកនិងថែរក្សាទុកកុំឱ្យបាត់បង់។
លោក ឈឹម សារឿន អតីតមន្ត្រីធម្មការស្រុកបានចាត់ទុកថាៈ ប្រសិនបើបានសិក្សាពីប្រវត្តិសាស្ត្រនេះ វានឹងមានប្រយោជន៍ សំខាន់ក្នុងការផ្តល់ចំណេះដឹងដល់អ្នកជំនាន់ក្រោយបានដឹងបានយល់ផងដែរ ។ សូមបញ្ជាក់ថា ស្រុកសេសានខេត្តស្ទឹងត្រែង មានប្រាសាទបាគូ នៅក្នុងភូមិកំភុន ឃុំកំភុន ដែលខ្មែរជំនាន់ដើមបានធ្វើឡើងក្នុងសម័យចេនឡា និង សម័យអង្គរ ក្នុងចន្លោះឆ្នាំ(៨០២-១៤៣១)នាសតវត្សរ៍ទី៨៕