សាលា​រៀ​១​ខ្នង មាន​២​បន្ទប់​ស្ថិតនៅ​ភូមិ​ស្រែ​សា ឃុំ​ឈូកស ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​

AKP កំពង់ឆ្នាំង ថ្ហៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ —
​សាលារៀន​២​ខ្នង ស្ថិតនៅ​ភូមិ​ស្រែ​សា ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​១៥​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោកជំទាវ កុប ម៉ា​រី​យ៉ា​ស អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ។​

​ពិធីបើកការដ្ឋាន​សាងសង់​សាលារៀន​ឥស្លាម ដែលជា​អំណោយ​របស់​សប្បុរសជន​តាមរយៈ​សមាគម​ក្ដីសង្ឃឹម​កុមារ និង​ចាស់ជរា​ជនបទ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​សមាគម​សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​ខេត្តកំពង់ឆ្នាំង អាជ្ញាធរ​ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​
​លោកជំទាវ កុប ម៉ា​រី​យ៉ា​ស មានប្រសាសន៍ថា សាលារៀន​១​ខ្នង មាន​២​បន្ទប់​នេះ​សាងសង់​ស្របតាម​សន្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​អប់រំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុងមាន​ការរីក​ចម្រើន​ជា​លំដាប់​ស្ថិត ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការសាងសង់​អាគារ​សិក្សា​នៅពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ឈូកស ទាំងមូល ក្រោយពី​ការសាងសង់​រួច អាច​សម្រួល​ដល់​ប្អូនៗ ដែល​ខ្វះ​ថ្នាក់រៀន និង​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​សិស្សានុសិស្ស​ផងដែរ​។​

​លោកជំទាវ​បាន​បន្តថា សមិទ្ធផល​ទាំងនេះ គឺ​បានមក​ដោយសារ​ប្រទេស មាន​សុខសន្តិភាព ស្ថិរភាព​ពេញលេញ​ទូទាំងប្រទេស ហើយ​កត្តា​សន្តិភាព​នេះហើយ​ដែល​បានធ្វើឱ្យ​ប្រទេស​មានការ​អភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​វិស័យ​។ លោកជំទាវ ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​សន្តិភាព ដើម្បីឱ្យ​ប្រទេស​របស់​យើង​បន្ត​អភិវឌ្ឍន៍​និង​រីកចម្រើន​បន្ថែមទៀត​។​

​លោកជំទាវ​តំណាងរាស្ត្រ​បាន​អំពាវនាវ​បាន​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​មាន​អនាម័យ​ជាប់​ជាប្រចាំ​គឺ​ត្រូវ​ពាក់​ម៉ាស ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល​ឬ​ជែ​ល​សម្លាប់​មេរោគ​ឆ្លង​ផ្សេងៗ ហើយ​បន្ត​រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទប់ស្កាត់​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​ផ្សេងៗ​កើតមាន​ក្នុង​គ្រួសារ និង​សហគមន៍​របស់​យើង​។ សូម​ចូលរួម​គោរព​ច្បាប់ និង រួមគ្នា​ថែរក្សា​សុខសន្តិភាព​ឱ្យនៅ​គង់វង្ស​យូរអង្វែង​៕ ដោយ​៖ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​