ផ្លូវ​ចំនួន ៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បន្ទាប់ពី​បាន​លើក​ពេល​

AKP សៀមរាប ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​១៥​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះពិនិត្យ​នៅថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​ការសាងសង់ ការ​ឈូសឆាយ​ផ្លូវ គ្រឿងចក្រ ទីតាំង​ដាក់​ប្រព័ន្ធ​លូ មន្ទីរពិសោធន៍​ក្នុងការ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ ព្រមទាំង​មតិយោបល់​ទាក់ទង​នឹង​ការស្ថាបនា​នៃ​ខ្សែ​ផ្លូវ​ទាំង ៣៨​ខ្សែ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​
​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ នឹងត្រូវ​សាងសង់ឡើង​ដោយ​អង្គភាព​ចំនួន​ប្រាំមួយ បែង​ចែកជា​កំណាត់ៗ ប្រកបដោយ​ភាពបត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ចាក់​បេតុង​កៅស៊ូ​សមស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការដឹក​ទំនិញ​ធ្ងន់ ឬ ស្រាល ដោយ​ផ្ដោតជាសំខាន់​លើ​គុណភាព​ប្រសិទ្ធភាព ជាមួយនឹង​ការបញ្ចប់​គម្រោង​ឱ្យបាន​ទាន់ពេលវេលា​តាម​ការគ្រោងទុក​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា ក្រុមការងារ​ក្រសួង​នឹងធ្វើ​ការចុះពិនិត្យ​តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​ដើម្បីឱ្យ​អង្គភាព​សាងសង់​អនុវត្តន៍​តាម​លក្ខខណ្ឌ​តម្រូវ នៃ​ស្តង់ដា​បច្ចេកទេស ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ​ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ដែរ​ថា អង្គភាព​ដែល​ទទួលយក​ការងារ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​រួមមាន​៖ កងវិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប កងវិស្វកម្ម​១០៨ នាយក​ដ្ឋា ន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវ អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។ ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ​ក្នុងនោះ ប្រភេទ​ទី​១-​ចាក់​បេតុង​កម្រាស់​២៥​សង់ទីម៉ែត្រ ដូចជា​ផ្លូវ​វាង​ក្រុង ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ​(AC)​ពីលើ​ទេ​។​ប្រភេទ​ទី​២-​ចាក់​បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​កម្រាស់ ៧​សង់ទីម៉ែត្រ​យោងទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រាណ៍ និង​ការដឹកជញ្ជូន​។ ប្រភេទ​ទី​៣-​ជួសជុល​គ្រឹះ មិនចាំបាច់​ចាក់​បេតុង​ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែម្ដង​។ ប្រភេទ​ទី​៤-​អ៊ុត​កៅស៊ូ​បេតុង​កម្រាស់ ១៥​សង់ទីម៉ែត្រ ពីលើ​តែម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ​នៅមាន​ភាពរឹងមាំ​ស្រាប់​ទៅហើយ ៕ ដោយ​៖ ឃុ​ត សៅ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​