អំណោយម៉ាស់ជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ត្រៀមប្រគល់ ជូនរដ្ឋាភិបាល និងប្រជាជនឡាវនៅថ្ងៃស្អែកនេះ

 

វិទ្យុជាតិកម្ពុជា អត្ថបទ យី វិច្ឆិកា និង សុភា វិសិទ្ធពង្ស ១៥ ខែវិច្ឆិកា ឆ្នាំ២០២០

អំណោយម៉ាស់ជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ត្រៀមប្រគល់
ជូនរដ្ឋាភិបាល និងប្រជាជនឡាវនៅថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះអំណោយម៉ាស់ជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើក
ដាក់លើយន្តហោះរួចរាល់ហើយ ដោយត្រៀមដឹកជញ្ជូនទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ស្អែកនេះ។
តាមគម្រោង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យទាំងនេះទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ
ដោយ ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកទទួលដោយផ្ទាល់។

ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយ
ចំនួនរបស់សម្តេចតេជោនៅពេលនេះ ធ្វើឡើងខណៈកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់ឯកឧត្តម និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជាជូនមិត្តឡាវ នូវម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយ
ចំនួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។
លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានប្រាប់ឱ្យដឹងថា ការប្រគល់អំណោយម៉ាស់និងសម្ភារពេទ្យមួយចំនួនជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវនាពេលនេះ គឺដើម្បីបង្ហាញពីការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការថែរក្សាសុខភាពប្រជាពលរដ្ឋឡាវដែលមានភូមិផងរបងជាមួយគ្នា។ លោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅសល់ម៉ាស់ក្នុងឃ្លាំង
យុទ្ធសាស្រ្ត ចំនួន១៣លានម៉ាស់ នៅក្នុងឃ្លាំងសុខាភិបាលចោមចៅនៅសល់ជាង៥លានម៉ាស់ទៀត ដូច្នេះចំពោះម៉ាស់និងសម្លៀកបំពាក់យើងមាននៅសល់គ្រប់គ្រាន់ខណៈកាលពីពេលថ្មីៗនេះ សម្តេចតេជោហ៊ុនសែន បានផ្តល់ម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រម្នាក់២ ក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោបានបញ្ជាឱ្យក្រសួងសុខាភិបាលជាមួយនិងអាកាសចរស៊ីវិលរៀបចំសម្ភារជាអំណោយដោយពេញចិត្ត ដោយគ្មានគិតពីសំណងជូនទៅប្រទេសឡាវ ហើយកាលពីថ្ងៃត្រង់សម្តេចបញ្ជាឱ្យថែមម៉ាស់ក្រណាត់ចំនួន១០មុឺនម៉ាស់បន្ថែមទៀត ដោយ
សារម៉ាស់ក្រណាត់នេះជាម៉ាស់ដែលមានគុណភាពល្អ អាចបោកប្រើប្រាស់បានរយៈពេលយូរ ។ ហើយក្នុងនោះក៏មានសម្ភារបរិក្ខារពេទ្យមួយចំនួនដែរ សម្រាប់ជូនទៅប្រទេសឡាវ ក្នុងករណីមានកូវីដវិជ្ជមាន ហើយមានការរាតត្បាត និងមានសម្ភារក្នុងការត្រៀមបំរុង ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែរ ដែលមានទម្ងន់ប្រហែល២១តោន ស្មើនិង១៨០០កេស ។
សូមបញ្ជាក់ថា សម្ភារនិងបរិក្ខារពេទ្យដែលត្រូវឧបត្ថម្ភជូនមិត្តឡាវ រួមមាន ម៉ាស់ចំនួន២លាន ម៉ាស់ក្រណាត់ចំនួន១០មុឺន ម៉ាស់N95ចំនួន2មុឺន វ៉ែនតាសុវត្ថិភាពចំនួន២មុឺន សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្រ្តីសុខាភិបាលចំនួន២មុឺនឈុត ទែម៉ូម៉ែត្រអ៊ិនហ្រ្វា(ម៉ាស៊ីនវាស់កម្តៅ)ចំនួន ៥រយគ្រឿង របាំងមុខចំនួន២មុឺន ឧបករណ៍សម្រាប់ជំនួយការដកដង្ហើមសម្រាប់ប្រពោធកម្ម(ICU)ចំនួន20 គ្រឿង ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ+សម្ភារបន្ទាប់បន្សំម៉ូឌែល Vista120 ចំនួន២០ ម្សៅថ្នាំក្លរ៉ាមីនប្រភេទប៊ី (២៥គីឡូក្រាមមួយកេស ) ៥០០ ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់ដុំ ៕