សម្ដេចតេជោនាយករដ្ឋមន្ត្រី ចាត់តាំងសម្ដេចពិជ័យសេនា ទៀបាញ់ នាំយកអំណោយជាម៉ាស់ និងបរិក្ខារពេទ្យមួយចំនួន ទៅជូនរដ្ឋាភិបាលឡាវនៅថ្ងៃទី ១៦ ខែវិច្ឆិកាស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនទៅជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តាមជើងយន្តហោះពិសេស។

នៅក្នុងសារជាសំឡេងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោមានប្រសាសន៍ថា ដោយសារតែបង្ហាញការគួរសមគឺ ឯកឧត្ដម ថង លុនស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងចេញមកទទួលអំណោយ មានម៉ាស់ និងបរិក្ខារពេទ្យ ដែលកម្ពុជាបញ្ជូនទៅឱ្យឡាវ ដើម្បីប្រយុទ្ធប្រឆាំង និងកូវីដ១៩នោះ ខ្ញុំបានចាត់តាំងសម្ដេចពិជ័យសេនា ទៀ បាញ់ ដើម្បីនាំជំនួយនេះទៅតែម្ដង ដើម្បីបង្ហាញពីការគោរពរាប់អានគ្នាផង និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរផង។សម្ដេចតេជោបន្តថា ខាងទូរទស្សន៍នានា អាចចុះទៅយកព័ត៌មានអំពីការបញ្ជូនជំនួយនេះទៅកាន់យន្តហោះ ដើម្បីឱ្យផ្សព្វផ្សាយ ហើយនៅថ្ងៃចន្ទក្នុងពេលដែលយន្តហោះ ចេញដំណើរទៅប្រទេសឡាវក៏ត្រូវផ្សព្វផ្សាយដែរ។ ដូច្នេះលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលត្រូវរៀបចំរឿងនេះ។

គួរបញ្ជាក់ដែរថា ការប្រកាសផ្ដល់ជំនួយជាម៉ាស់ និងបរិក្ខារពេទ្យនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងខណៈដែល ឯកឧត្តម ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខ អំពីស្ថានភាពសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។ នៅក្នុងកិច្ចសន្ទនាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយ ជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសាកសួរសុខទុក្ខរបស់នាយករដ្ឋមន្រ្តីឡាវ ខណៈសម្តេចកំពុងធ្វើចត្តាឡីស័ក។ ការផ្តល់ជំនួយនេះបានបង្ហាញពីទឹកចិត្តដ៏ធំធេងរបស់កម្ពុជានៅកាលៈទេសៈពេលនេះ ដែលពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្ដម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕


ដោយ ជឹម ណារី