កម្ពុជាចុះកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជាមួយនឹងអាស៊ាន និងដៃគូនានា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២០ —

នៅព្រឹកមិញនេះ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) នៅចំពោះមុខ ប្រមុខដឹកនាំកំពូលសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបាន ជួបប្រជុំលើកទី៤ តាមប្រព័ន្ធវីដេអូ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

ការសម្រេចបាននូវកិច្ចព្រមព្រៀងអាសិប នាពេលនេះ ជាសមិទ្ធិផលដ៏មានសារសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា និងតំបន់ ដែលនឹងចូលរួមចំណែកក្នុងការគាំពារ និងលើកកម្ពស់សកលភាវូបនីយកម្ម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយផ្អែកលើច្បាប់ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ស្របតាមគោលការណ៍នៃការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។ កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ អាសិប ក៏ដើរតួនាទីជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅក្នុងតំបន់ ព្រមទាំងជួយស្តារសង្គម-សេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបញ្ចប់។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនាពេលនេះ បង្កើតបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

សម្រាប់កម្ពុជា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ក្រោយពី កិច្ចព្រមព្រៀងអាសិបនេះចូលជាធរមាន គិតជាកំណើនប្រចាំឆ្នាំ ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន ៧,៣% វិនិយោគចំនួន ២៣,៤%, និងផលិតផលក្នុងស្រុកសរុប (ផសស) កើនចំនួនប្រមាណ ២% លើ ផសស ដែលមានបច្ចុប្បន្ន។

នៅក្នុងឱកាសនេះដែរ ប្រមុខដឹកនាំអាសិបបានលើកទឹកចិត្តឱ្យប្រទេសជាសមាជិកពន្លឿនការបញ្ចប់នីតិវិធីក្នុងស្រុកក្នុងការផ្តល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ សំដៅអនុញ្ញាតឱ្យប្រទេសជាសមាជិកទាំងអស់ អាចប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិបនេះ។
ប្រមុខដឹកនាំអាសិបក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិបនៅតែបើកចំហទទួលស្វាគមន៍ភាគីឥណ្ឌាជានិច្ច នាពេលអនាគតខាងមុខ។

គួររំលឹកថា កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយភាគីកម្ពុជាចូលរួម ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយៈ ហេង បញ្ញា,រូបថត៖ កូ តុន (ទទក)

សម្រួលផ្សាយ៖ កន ចំណាន