«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ» គ្រោងនឹងរៀបចំពិធីតភ្ជាប់ នាដើមខែក្រោយនេះហើយ

 

វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត

«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ» ដែលជាជំនួយរបស់មិត្តចិន តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដី នៃខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង១ពាន់ម៉ែត្រមួយនេះ ត្រូវបានគ្រោងចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមក តែងតែជួយមកដល់ប្រទេសកម្ពុជា ក្នុងការកសាង នូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗទៀតនៅប្រទេសកម្ពុជា។ សម្តេចតេជោហ៊ុន សែនបានសម្ដែងនូវក្តីរីករាយ និងមាន មោទនភាពចំពោះសមិទ្ធផលស្ពានថ្មីមួយនេះ ដែលកើតមានឡើងក្នុងស្រុកកំណើតរបស់សម្តេចផ្ទាល់ និងជាជំនួយរបស់ មិត្តចិន ហើយការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺជាស្ពានទី៨ហើយ ដែលកន្លងមក មិត្តចិនបាន ជួយសាងសង់ស្ពាននៅកម្ពុជាចំនួន៧រួចហើយ ដូចជា ស្ពានកោះធំនៅខេត្តកណ្តាល, ស្ពានជ្រោយចង្វា២,ស្ពានសេកុង ខេត្តស្ទឹងត្រែង, ស្ពានព្រែកក្តាម ,ស្ពានព្រែកតាមាក់ ,ស្ពានមេគង្គ-ស្ទឹងត្រែង និងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។

រដ្ឋបាលសាលាខេត្តកំពង់ចាមបានឱ្យដឹងថា នាថ្ងៃទី៧ ខែ ធ្នូ ២០២០ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយនេះ ។ គម្រោងនៃពិធីតភ្ជាប់ស្ពាននេះត្រូវបានប្រកាសឲ្យដឹង ក្នុងពេលដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារនេះ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងទៀតថា ពិធីតភ្ជាប់«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» គ្រោងនឹងប្រព្រឹត្តទៅ នៅទីតាំងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានគេដឹងថា នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ ពេលដាក់ឲ្យដំណើរការជាផ្លូវការនោះ៕