WWF សម្តែងការសោកស្តាយ និងក្រៀមក្រំចំពោះការ បាត់បង់កូនសត្វផ្សោត

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ១១ ២០២០

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត បន្ទាប់ពីបានទទួលដំណឹងថា សត្វផ្សោតមួយក្បាលត្រូវបានប្រទះឃើញស្លាប់ នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញសាកសពរបស់សត្វផ្សោតនេះអណ្តែតលើដងទន្លេកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ។
បន្ទាប់ពីបានអញ្ជើញទៅដល់ទីតាំងកើតហេតុ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF បាន ពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព ដែលនៅមានសភាពស្រស់នៅឡើយ ដោយបានសន្មតថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ប្រមាណជារយៈពេលពីរថ្ងៃហើយ។
លទ្ធផលនៃការ វិភាគបឋម បានបង្ហាញថា សត្វផ្សោត ដែលស្លាប់នេះជាកូនសត្វផ្សោតឈ្មោល ដែលមានអាយុ ប្រមាណជា៧ថ្ងៃប៉ុណ្ណោះ ហើយមានទម្ងន់ចំនួន១២ គីឡូក្រាម និងមានប្រវែង១០៣សង់ទីម៉ែត្រ។
ក្រុមជំនាញបានផ្តល់ព័ត៌មានបឋមថា ការវិភាគមិនបានរកឃើញស្លាកស្នាមនៃការរងរបួសលើ រាងកាយ ឬសញ្ញានៃការជាប់នឹងមងនេសាទទេ ហើយបានសន្មតជាបឋមថាសត្វផ្សោតនេះបានស្លាប់ ដោយមិនដឹងពីមូលហេតុពិតប្រាកដ។ ក្រុមជំនាញបានផ្ទេរសាកសពសត្វផ្សោតទៅរក្សាទុកនៅទីតាំង មួយសមស្របសម្រាប់ធ្វើការប្រមូលសំណាក ចាំបាច់ពីសាកសព ដើម្បីបន្តការអង្កេតវិភាគបន្ថែមទៀត ក្នុងគោលបំណងកំណត់ពីមូលហេតុនៃការស្លាប់។
អង្គការWWF លើកឡើងថា ការជាប់នឹងមងនេសាទ និងការនេសាទដោយប្រើឧបករណ៍ច្បាប់ហាមឃាត់សុទ្ធសឹងជាមូលហេតុចម្បងៗ ដែលបណ្តាលឱ្យសត្វផ្សោតពេញវ័យស្លាប់។ ដោយឡែក មូលហេតុនៃការសា្លប់ របស់កូនសត្វផ្សោតនៅមិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រអាចកំណត់ឱ្យបានច្បាស់លាស់នៅឡើយ ដែលជាកត្តាធ្វើឱ្យអ្នក វិទ្យាសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ការរស់រានរបស់ សត្វផ្សោតប្រភេទដ៏សំខាន់ជាសកល មួយនេះទៅថ្ងៃអនាគត។
អង្គការWWF ស្នើឱ្យមានការអនុវត្តជាបន្ទាន់នូវវិធានការរួមគ្នាឱ្យខ្លាំងបន្ថែមទៀតដើម្បីការពារសត្វផ្សោត ទន្លេមេគង្គឱ្យរួចផុតពីការបាត់បង់ ស្របពេលដែលលទ្ធផល នៃការធ្វើជំរឿនចុងក្រោយបង្អស់បានបង្ហាញថា មានសត្វផ្សោតតែចំនួន ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃកម្ពុជា៕