អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី
មណ្ឌលគិរី៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរ  ដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការកង  កម្លាំងប្រដាប់អាវុធ ទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះ  ពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកកោះញែក ដើម្បីឲ្យមន្រ្តីជំនាញរៀបចំជួសជុល និងស្ថារឡើងវិញ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍មានភាពងាយស្រួល។

ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យយដឹងថា ក្នុងរយៈពេលកន្លងមក ដែលប្រទេសកម្ពុជា បានទទួលរងឥទ្ធិពល
ព្យុះ បណ្តាលឲ្យមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្តមណ្ឌលគិរី ក៏បានរងនូវឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជោគជាំ បណ្តាលឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទមួយចំនួន នៅតាមបណ្តាស្រុក ក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ដោយយោងតាមបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី  បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យចុះត្រួតពិនិត្យវាយតម្លៃ អំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដើម្បីលើកគម្រោងផែនការ ស្ដារ និងជួសជុលឡើងវិញ បន្ទាប់ពីព្យុះនិងភ្លៀងមានការថមថយទៅវិញ។

ឯកឧត្តម បញ្ជាក់ថា ស្រុកដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងខ្លាំងជាងគេ គឺស្រុកកោះញែក ដែលបណ្តាលឲ្យបាក់រលំស្ពានយោល ១កន្លែង និងខូចខាតផ្លូវលំជនបទ រួមទាំងស្ពាន និងលូមួយចំនួនទៀត ។ ដើម្បីជាវិធានការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវរៀបចំជួសជុលឡើងវិញជាបន្ទាន់ ស្ពានយោលដែលបាក់រលំ នៅក្នុងភូមិកែរពៅ ក្នុងឃុំសុខសាន្ត ត្រូវត្រួតពិនិត្យមើលស្ថានភាពផ្លូវលំជនបទ ស្ពានដែលរងការខូចខាត និងជំរុញការជួសជុលស្ពានឈើមួយចំនួន នៅក្នុងឃុំណង់ឃីលឹក ក្នុងស្រុកកោះញែក ដើម្បីឲ្យស្ពានទាំងនោះ មានលក្ខណៈរឹងមាំ ដើម្បីប្រជាជនធ្វើដំណើរ ជាពិសេស ការដឹកកសិផលនានានៅកាន់ទីផ្សារមានភាពងាយស្រួល។ ក្រៅពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ​នានានៅក្នុងខេត្ត មិនមានផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងខូចខាតដល់ដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះឡើយ។ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចុះពិនិត្យ និងសិក្សានូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីលើកគម្រោង​​ផែនការជួស​​ជុល និងស្ថារឡើងវិញ ដើម្បីភ្ជាប់ចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យមានលក្ខណៈងាយស្រួលផងដែរ៕