កម្រិតគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ គឺអាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា កម្រិតគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ គឺអាស្រ័យទៅលើការចូលរួមរបស់​ប្រជាពលរដ្ឋ គ្រប់រូប ខណៈដែលបច្នុប្បន្នជំងឺកូវីដ-១៩នេះ ស្ថិតនៅក្នុងស្ថានភាពមួយដែលត្រូវតែមានការ​ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ កុំឱ្យមានការចម្លងចូល​ក្នុងសហគមន៍​មូលដ្ឋាន។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ពេលនេះកម្ពុជាកំពុងស្ថិត នៅក្នុងស្ថានភាពមួយ ដែលត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះកម្រិតគ្រោះថ្នាក់យ៉ាងណានោះ គឺអាស្រ័យ ទៅលើការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកជំទាវបញ្ជាក់ថា តាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានមានប្រសាសន៍រួចហើយថា ស្ថានការណ៍នៃជំងឺកូវីដ-១៩នេះ គឺស្ថិតនៅក្នុង ការគ្រប់គ្រងបាននៅឡើយទេ។ ហេតុដូចនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវ ព្រោះទាល់តែមានការចូលរួមអនុវត្តន៍របស់បុគ្គលគ្រប់ៗរូប ទើបអាចរំលត់ដំណាក់កាលនៃ ព្រឹត្តិការណ៍៣វិច្ឆិកានេះបាន និងអាចការពារកុំឱ្យមានការចម្លងចូលក្នុងសហគមន៍របស់យើង។
សំឡេង៖ «ស្ថានភាពរបស់យើងស្ថិតនៅក្នុងស្ថានភាពមួយ ដែលត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចូលរួម ទាំងអស់គ្នា ក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩នេះពីបុគ្គលមួយទៅបុគ្គលមួយ ពីបុគ្គលទៅ គ្រួសាររបស់ខ្លួន ហើយក៏ដូចជាពីបុគ្គលចូលទៅក្នុងសហគមន៍របស់យើងដែរ»។
លោកជំទាវបញ្ជាក់ថា បច្នុប្បន្ននេះជំងឺកូវីដ-១៩ គឺស្ថិតនៅក្នុងរលកទី១នៅឡើយទេ ព្រោះ ព្រឹត្តិការណ៍៣ វិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ប្រហាក់ប្រហែលទៅនឹងការនាំចូលនូវវីរុសកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈមានមនុស្សតែ ៤ នាក់ប៉ុណ្ណោះដែលបានឆ្លងនៅក្នុងព្រឹត្តិការណ៍នេះ។ បើតាមការពិភាក្សាយ៉ាងច្បាស់លាស់ ជាមួយអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់ថា នេះមិនមែនជារលកទី២នោះទេ។ លោកជំទាវ បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋម្តងហើយម្តងទៀត សូមកុំឱ្យភ្លេចកូវីដ-១៩ ព្រោះកូវីដ-១៩ មិនដែលភ្លេចយើងទេ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានធ្វើតេស្តចំនួន២៥៥៣វត្ថុសំណាក, ធ្វើតេស្តលើកទី១ ចំនួន១៧៣៤នាក់ និងលើកទី២ មានចំនួន៨១៩នាក់ ហើយក្នុងចំនួននោះ កម្ពុជារកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួនតែ ៤នាក់ ប៉ុណ្ណោះ៕