សំណាកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាជាង៩៩ភាគរយ អវិជ្ជមានវីរុសកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
ភ្នំពេញ ៖ មន្រ្តីជំនាញសុខាភិបាលបានបញ្ជាក់ថា សំណាករបស់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា​ជាង៩៩ភាគរយ អវិជ្ជមានវីរុសកូវីដ-១៩ ក្រោយពីបានការធ្វើតេស្តចំនួន២ដងរួចមកហើយ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងថា តាមលទ្ធផលចុងក្រោយ វត្ថុសំណាករបស់អ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកា គឺអវិជ្ជមានកូវីដ-១៩ រហូតដល់ទៅជាង៩៩ភាគរយ នៃចំនួនវត្ថុសំណាកសរុប២៥៦៣សម្រាប់ការធ្វើតេស្តចំនួន២ដង ហើយការធ្វើតេស្​​លើកទី១មានចំនួន១៧៣៤​​នាក់ និងលើកទី២មានចំនួន៨១៩នាក់ ។

លោកជំទាវបានបន្តថា ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកានោះ គឺមានតែ៤នាក់ប៉ុណ្ណោះដែលវិជ្ជមានវីរុសកូវីដ-១៩ ។
សំឡេង « បើយើងនិយាយអំពីព្រឹត្តិការណ៍៣វិច្ឆិកា ដែលបានប្រសិទ្ធនាមដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលហៅថាព្រឹត្តិការណ៍៣វិច្ឆិកានេះ គឺយើងឃើញថាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ គឺអ្នកដែល មានវិជ្ជមាន កូវីដ-១៩នោះគឺមានចំនួន៤នាក់ដដែល គឺបានន័យថាមានតែ៤នាក់ទេ ដែលបានរកឃើញពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍៣វិច្ឆិកា ហើយអ្នកទាំង៤នាក់នោះ ក៏កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ រីឯចំនួន៩៩,៧៧ភាគរយនៃអ្នកដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់នោះ គឺមានលទ្ធផលវិភាគអវិជ្ជមាន វីរុសកូវីដ-១៩ អ៊ីចឹងបើយើងគិតអំពីតួលេខគឺមានចំនួន១៧៣០នាក់ ដែលលទ្ធផលរបស់គាត់នោះគឺអវិជ្ជមាន វីរុសកូវីដ-១៩ »។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា កំពុងតែធ្វើការងារនេះដោយយកចិត្តទុកដាក់បំផុត ដោយអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាគឺត្រូវធ្វើចត្តាឡីស័ក ពីព្រោះការធ្វើចត្តាឡីស័កគឺជាចំណុចសំខាន់ នៅក្នុង ដំណាក់កាលនេះ ហើយសម្រាប់ការធ្វើចត្តាឡីស័កនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនមានលទ្ធភាព ក្នុងការធ្វើ ចត្តាឡីស័កនៅតាមផ្ទះដោយខ្លួនឯង គឺរាជរដ្ឋាភិបាលបានចាត់ចែងរៀបចំសណ្ឋាគារសុខាភ្នំពេញដើម្បីធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋចំនួន៣៥នាក់ហើយដែលបានទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដោយឡែកក្រៅពីនោះ គឺពួកគាត់កំពុងតែធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ៕