ក្រសួងកសិកម្មណែនាំវិធានការជំរុញការស្តារឡើងវិញ នូវការខូចខាតដំណាំកសិកម្មដោយគ្រោះទឹកជំនន់រដូវវស្សាឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទណែនាំវិធានការជំរុញការស្តារឡើងវិញនូវការ​ខូចខាតដំណាំ​កសិកម្មដោយគ្រោះ ទឹកជំនន់រដូវវស្សា ឆ្នាំ២០២០ ដើម្បីលើកកម្ពស់ផលិតកម្មស្បៀងជំរុញ​កំណើនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ។
យោងតាមសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា នៅរដូវវស្សាឆ្នាំ២០២០នេះ ជាទូទៅភ្លៀងចាប់ផ្តើមធ្លាក់តាំងពីដើមរដូវ មានរបាយស្មើល្អនៅស្ទើរគ្រប់កន្លែងទូទាំងប្រទេស ដែលអំណោយផលល្អដល់ការងារបង្កបង្កើនផលស្រូវ និងមានល្បឿនលឿនជាងឆ្នាំមុន ។ ដើម្បីធានាបានសន្តិសុខស្បៀង និងសម្រេចបាននូវគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងស្ដារការខូចខាតលើដំណាំកសិកម្មដោយគ្រោះរាំងស្ងួត និងទឹកជំនន់ឆ្នាំ២០២០នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសហការយ៉ាងសកម្មជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ចុះអន្តរាគមន៍ចែកគ្រាប់ពូជស្រវ ចំនួន៦ ៤៣៤,៣តោន និងគ្រាប់ពូជបន្លែចំនួន ៥៥៨ ២៤៧កញ្ចប់ ជូនប្រជាកសិករដែលបានទទួលរងគ្រោះក្នុងរាជធានី-ខេត្តចំនួន១៩ ។
ក្រសួងក៏បានណែនាំឱ្យគ្រប់អង្គភាពជំនាញក្រោមឱវាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់មួយចំនួនដូចជា ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ ត្រូវចាត់មន្ត្រីបច្ចេកទេសបន្តចុះតាមដាន និងអប់រំកសិករដែលបានទទួលគ្រាប់ពូជដំណាំ អំពីបច្ចេកទេសប្រើប្រាស់គ្រាប់ពូជ បច្ចេកទេសដាំដុះ ថែទាំ និងវិធានការកម្ចាត់សមាសភាពចង្រៃដើម្បីធានាការបង្កើនទិន្នផលឱ្យបានខ្ពស់ជាអតិបរមា និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នៅតំបន់ទីទួលដែលពុំអាចស្ទូង ព្រោះស្រូវបានឡើងវិញ និងខ្វះប្រភពទឹក ត្រូវជំរុញការដាំដុះដំណាំរួមផ្សំផ្សេងៗ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងបង្កើនប្រាក់ចំណូលបន្ថែម។
ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិពាក់ព័ន្ធ ដើម្បីពិនិត្យ និងកំណត់តំបន់ដែលមានស្ថានភាពអំណោយផលនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងជំរុញការដាំដុះឱ្យអស់សក្តានុពល ផលិតកម្ម ជាពិសេសត្រូវកំណត់តំបន់មានប្រភពទឹក និងសម្របសម្រួលស្វែងរកលទ្ធភាពបូមទឹកបញ្ចូលក្នុងអាងស្តុកទឹក និងប្រព័ន្ធប្រឡាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកសម្រាប់ការជំរុញផលិតកម្មស្រូវ និងដំណាំរួមផ្សំផ្សេងទៀត។
ត្រូវចលនាប្រជាកសិករឱ្យរួបរួមគ្នាថែទាំអាងស្តុកទឹក ទំនប់ប្រឡាយ និងធ្វើការជួសជុលលើកភ្លឺស្រែឡើងវិញ ដើម្បីរក្សា ទឹកទុកក្នុងស្រែបានគត់មត់ ចៀសវាងការកាប់ភ្លឺស្រែដាក់ទ្រូ ឬលប ដែលបណ្តាលឱ្យបាត់បង់ទឹកអស់ពីក្នុងស្រែ៕