ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗហើយ

វិទ្យុជាតិកម្ពុជា ៖អត្ថបទ វ៉ែន សុវុទ្ធី
MC: ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកក្នុងការប្រមូលផលស្រូវរបស់ខ្លួនជាបណ្តើរៗហើយ ក្នុងនោះមាន ស្រូវស្រាល ស្រូវកណ្តាល ពិសេសស្រូវក្រអូបផ្ការំដួល ហើយឆ្នាំនេះស្រូវមានតម្លៃខ្ពស់ ដែលធ្វើឱ្យកសិករមានភាពសប្បាយរីករាយ ក្រៃលែង។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះវិហារបានឱ្យដឹងថា ប្រជាកសិករកំពុងចាប់ផ្តើម ប្រមូលផលស្រូវស្រាល និងស្រូវកណ្តាលបានជាង១០ភាគរយហើយ លើផ្ទៃដីជាង៩ម៉ឺនហិកតានៅទូទាំងខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះឈ្មួញបានចុះទិញស្រូវរបស់ប្រជាកសិករដល់ទីកន្លែង ក្នុងតម្លៃស្រូវសើមធម្មតាចាប់ពី ១០០០រៀល ទៅ ១១០០រៀលក្នុងមួយគីឡូក្រាម ។ លោកបានបញ្ជាក់ថា ដោយសារឆ្នាំនេះប្រជាកសិករធ្វើស្រូវទទួលបានទិន្នផលល្អ ប្រហាក់ប្រហែលនឹងឆ្នាំមុន ហើយបូករួមទំាងតម្លៃបានថ្លៃសមរម្យផង ធ្វើឱ្យកសិករចំណេញច្រើន។
(សំឡេង « ឥឡូវនេះបងប្អូនគាត់មានការយល់ដឹងច្រើនទាក់ទងទៅនឹងតម្លៃស្រូវ នេះគឺដោយសារគាត់មានទូរស័ព្ទ មានសហគមន៍នៅតាមភូមិឃុំមួយៗ នោះគាត់អាចផ្លាស់ប្ដូរព័ត៌មានគ្នា ហើយព័ត៌មានពីស្រូវនោះគឺមានលក្ខណៈ ទូលំទូលាយហើយយើងមានសហគមន៍គ្រប់ឃុំទាំងអស់ដែលគាត់អាចបោះតម្លៃទៅថា តម្លៃស្រូវឆ្នាំនេះប៉ុន្មាន ប្រភេទផ្ការំដួលប៉ុន្មាន ស្រូវធម្មតាក្នុងស្រុកចម្រុះនោះប៉ុន្មាន គឺគាត់អាចដឹង ចឹងគាត់មានសិទ្ធិជ្រើសរើសថា ស្រូវគាត់ ក៏បានតម្លៃប៉ុណ្ណាគាត់អាចទទួលបានព័ត៌មានបានច្រើន»។
លោកបានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះវិហារ បានជំរុញនិងលើកទឹកចិត្តប្រជាកសិករដែលប្រកបរបរកសិកម្ម ឱ្យមានការយល់ ដឹងខ្ពស់ពីបច្ចេកទេសនៃការដាំដុះនិងចំណេះជំនាញពីការធ្វើកសិកម្មពីមួយរដូវទៅមួយរដូវឱ្យទទួលបានទិន្នផលខ្ពស់៕