កម្ពុជារំពឹងថា ទំហំពាណិជ្ជកម្ម អាស៊ាន-ឥណ្ឌា នឹងកើនដល់២០០ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២២

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ


ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជារំពឹងថា ទំហំពាណិជ្ជកម្មអាស៊ាន-ឥណ្ឌានឹងកើនដល់២០០ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូល «អាស៊ាន-ឥណ្ឌា លើកទី១៧» តាមរយៈប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំអាស៊ាននិងឥណ្ឌាបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃទំនាក់ទំនងកិច្ចសន្ទនារវាងតំបន់ទាំងពីរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ ជាច្រើន ទាំងក្នុងក្របខណ្ឌតំបន់និងសកល។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់អំពី សារសំខាន់នៃការបន្ដគាំទ្ររបស់ឥណ្ឌា ក្នុងវិស័យតភ្ជាប់ទាំងរូបវ័ន្ដ និងឌីជីថល ដល់អាស៊ាន ជាពិសេសសម្រាប់ បណ្ដាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងរៀតណាម (CLMV) តាមរយៈគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) និងការអនុវត្តផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០៥០ ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងការរំពឹងទុកខ្ពស់ ចំពោះគោលដៅបង្កើនទំហំពាណិជ្ជកម្មអាស៊ាននិងឥណ្ឌា ឱ្យកើនដល់២០០ប៊ីលានដុល្លារត្រឹមឆ្នាំ២០២២ តាមរយៈការជំរុញ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា និងការពន្លឿនការតភ្ជាប់ ជាពិសេសជំរុញការអនុវត្តនូវគម្រោងផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ជាមួយនឹងការ ពង្រីកតំណភ្ជាប់បន្ថែមមកដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ឱ្យបញ្ចប់តាមការគ្រោងទុក ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានប្ដេជ្ញាយ៉ាងម៉ឹងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការពង្រឹង និងពង្រីកនូវទំនាក់ទំនង រវាងតំបន់ទាំងពីរឲ្យកាន់តែស៊ីជម្រៅ ។ ភាគីទាំងពីរ នឹងបន្ដកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សកលភាវូបនីយកម្ម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី តាមរយៈការពង្រឹងកិច្ចសហការបន្ថែមទៀត ក្នុងការតភ្ជាប់ទាំងផ្នែកទន់ និងរឹង ការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យ ឌីជីថល ជាដើម៕​