គណៈឱសថការីកម្ពុជានឹងចាត់វិធានការចំពោះឱសថស្ថានទាំងឡាយណា ដែលលក់តម្លើងថ្លៃម៉ាស់ អាកុល ជែលលាងដៃនិង ឧបករណ៍វាស់កម្ដៅ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖ គណៈឱសថការីកម្ពុជានឹងចាត់វិធានការចំពោះឱសថស្ថានទាំងឡាយណា ដែលលក់តម្លើងថ្លៃម៉ាស់ អាកុល ជែល លាងដៃ ឧបករណ៍វាស់កម្ដៅ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបាន ឆាប់បំផុត ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈឱសថការីកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្រុមប្រឹក្សាគណៈឱសថការីជាតិ សូមជម្រាប  លោក លោកស្រីឱសថការីដែលប្រកបវិជ្ជាជីវៈឱសថសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ជ្រាបថា ឱសថការីទាំងអស់ត្រូវតែគោរពឱ្យបាននូវក្រមសីលធម៌ឱសថការី ប្រកាន់ខ្ជាប់នូវករណីកិច្ចការពារសុខភាពសាធារណៈ ដោយគោរពជីវិត រាងកាយ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ និងចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់បំផុត។

សេចក្តីជូនដំណឹងបន្តទៀតថា  ឱសថការី មិនត្រូវឱ្យធ្លាក់ទៅក្នុងឧបាយកលពាណិជ្ជកម្ម ដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាព វិជ្ជាជីវៈឱសថសាស្ត្រនោះឡើយ។ ឱសថការីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់សកម្មភាពទាំងឡាយណាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ទោះបីជាសកម្មភាពនោះប្រព្រឹត្តដោយសហការីរបស់ខ្លួនក៏ដោយ និងត្រូវធ្វើយ៉ាងណាឱ្យបុគ្គលិកក្រោមឱវាទ គោរព គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រុមប្រឹក្សាគណៈឱសថការីជាតិសូមធ្វើការអំពាវនាវដល់លោក លោកស្រីឱសថការីដែលជាអ្នកទទួលបន្ទុកបច្ចេកទេស គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” សូមកុំតម្លើងថ្លៃម៉ាស អាកុល ដែលលាងដៃ ឧបករណ៍វាស់កម្តៅ និងសម្ភារសម្លាប់មេរោគផ្សេងៗ។

ក្រុមប្រឹក្សាគណៈឱសថការីជាតិ នឹងមានវិធានការស្រាវជ្រាវដើម្បីដាក់ទណ្ឌកម្មវិន័យ ចំពោះឱសថការីទទួលបន្ទុកបច្ចេកទេស ក្នុងករណីគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ទាំងឡាយណា ដែលលក់តម្លើងថ្លៃម៉ាស់ អាកុល ដែលលាងដៃ ឧបករណ៍វាស់កម្តៅ និងសម្ភារសម្លាប់មេរោគផ្សេងៗ ៕