ធនាគារ ជីប ម៉ុង ប្រគល់ថវិកាដែលសប្បុរសជនបរិច្ចាគតាម ជីប ម៉ុង ប៊ែង App ជូនគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០–

ធនាគារ ជីប ម៉ុង ប្រគល់ថវិការបស់សប្បុរសជន ដែលបានបរិច្ចាគតាមកម្មវិធីទូរសព្ទដៃ ជីប ម៉ុង ប៊ែង App សរុប១០លានរៀល ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីប្រើប្រាស់ជួយដល់ពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ធនាគារ ជីប ម៉ុង បានរៀបចំយុទ្ធនាការបរិច្ចាគនេះ ចាប់ពីថ្ងៃទី២១ តុលា រហូតដល់ថ្ងៃ ១០វិច្ឆិកា ឆ្នាំ២០២០នេះ ដែលអនុញ្ញាតឱ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារ ជីប ម៉ុង ទាំងអស់អាចរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈ ការបរិច្ចាគតាមកម្មវិធីទូរសព្ទដៃ ជីប ម៉ុង ប៊ែង App ដើម្បីជួយជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ក្រុមហ៊ុនមេរបស់ធនាគារ ជីប ម៉ុង គឺក្រុមហ៊ុន ជីប ម៉ុង បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពសង្គម ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះគ្រោះជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ។ ក្នុងនោះ ជីប ម៉ុង បានបរិច្ចាគថវិកាប្រមាណជាង៤០ម៉ឺនដុល្លារ អង្ករ និងភេសជ្ជៈ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សង្គ្រោះពលរដ្ឋរងគ្រោះ៕
ដោយៈ គង់ សិរីរ័ត្ន