ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

AKP កំពត ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ មកពីវិទ្យាល័យទាំង២ ក្នុងស្រុកកំពង់ ត្រាច ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ពិធីនេះបានធ្វើឡើងនៅវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង៨ ក្នុងខេត្តផងដែរ។


ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នពិភពលោកស្ថិតក្នុងបរិបទ រងការញាំញីដោយឥទ្ធិពលជំងឺកូវីដ១៩។ ប៉ុន្តែក្នុងនោះកម្ពុជាយើង ពិសេសក្នុងខេត្តកំពត ពុំមានបញ្ហាការឆ្លងជំងឺកូវីដ១៩ មកចូលដល់ក្នុងសហគមន៍ឡើយ។ ប៉ុន្តែទោះបីយ៉ាងនេះក្ដី ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ត្រូវតែបន្តបង្កើនការប្រុង ប្រយ័ត្ន ទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ឆ្លងចូលដល់ក្នុងសហគមន៍យើង ព្រោះបច្ចុប្បន្នជំងឺនេះមិនទាន់បានធូរស្បើយ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់សិស្សានុសិស្ស ឱ្យបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសបញ្ចៀសការចរាចរនិងប្រើប្រាស់ គ្រឿងញៀនឱ្យបាន ព្រោះបច្ចុប្បន្នបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នេះវាបានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងធនធានមនុស្សក្នុងសង្គមកម្ពុជាយើង ដែលរាជរដ្ឋាភិបាលបាន នងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។


ជាមួយគ្នានោះ ឯកឧត្តម ជាវ តាយ ក៏បានផ្ដល់នូវថវិកាសរុប ១៤,៤៦០,០០០រៀល ជូនដល់លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ និងគណៈគ្រប់គ្រងសាលាសរុបចំនួន៥៦នាក់ ដោយម្នាក់ៗទទួល៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៥៨៣នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល និងសៀវភៅកម្រងវិញ្ញាសាផងដែរ ព្រមទាំងឧបត្ថម្ភកងកម្លាំង សរុបចំនួន១០នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕ ដោយ ប្រាក់ លាង