ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិនៅខេត្តកែប លើកទៅខែធ្នូវិញ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា អះអាងថា ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅខេត្តកែប នាចុងខែវិច្ឆិកានេះ ត្រូវលើកពេលទៅប្រកួតនាអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០វិញ។

ការលើកពេលនេះ គឺដោយសារតែសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាអនុវត្តន៍ តាមវិធាន ការការពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជារួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។ អគ្គលេខាធិការរូបនេះបន្ថែមថា ដើម្បីអនុវត្តន៍តាម ការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងស្របតាមវិធានការរបស់ ក្រសួង សុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩ ទើបសហព័ន្ធគ្រោងនឹងរៀបចំការប្រកួត ដោយ កំណត់ចំនួនកីឡាករកីឡាការិនីចូលរួមមានចំនួនតិចជាងឆ្នាំមុនៗ ប៉ុន្តែជាកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់ៗ។

លោកបញ្ជាក់ទៀតថា ការកំណត់ចំនួនបែបនេះ គឺយើងចង់បានគុណភាព ព្រោះពេលវេលាកាន់តែខើចទៅ សម្រាប់គោលដៅឆ្ពោះទៅចូលរួមប្រកួតប្រជែងក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នោះយើងចាំបាច់សម្រិតសម្រាំង រកកីឡាករកីឡាការិនី ខ្លាំងៗមានសមត្ថភាព និងគុណភាពខ្ពស់យកមកហ្វឹកហាត់ត្រៀម ចូលរួមប្រជែង។

លោក ងិន សុខបញ្ញា បន្ថែមថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធនឹងផ្តល់ឱកាសជូនដល់ លោកគ្រូ អ្នកគ្រូជាគ្រូបង្វឹក ដែលបានឆ្លងកាត់វគ្គ បណ្តុះបណ្តាលនៅខេត្តកែប កាលពីខែតុលា ឆ្នាំ២០២០ ឱ្យចូលរួមជួយរៀបចំការ ប្រកួតឱ្យទទួលបានបទពិសោធន៍កាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺឱ្យគ្រូបង្វឹកនៅ ខេត្តកែប ទាំងនោះទទួលបានជំនាញ សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ឱ្យប្រភេទកីឡាទ្រីយ៉ាត្លុងនេះរៀបចំ នៅខេត្តកែបនេះតែម្តង ដែលខេត្តមួយនេះអំណោយផលល្អដល់វិស័យកីឡាទ្រីយ៉ាត្លុង ដែលត្រូវហែលទឹក ជិះកង់ និងរត់៕ ដោយ ហេង ណាលីន