AFC U-19 Championship លើកទៅខែមីនា ឆ្នាំ២០២១វិញ ខណៈក្រុមជម្រើសជាតិ U-19 កម្ពុជារំសាយការហ្វឹកហាត់បណ្តោះអាសន្ន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០–

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ជាក់ថា ការប្រកួត AFC U-19 Championship ពូល A នៅប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) ដែលបានពន្យារពេលជាបន្តបន្ទាប់ដោយសារវិបត្តិជំងឺកូវី-១៩នោះ នឹងត្រូវលើកទៅប្រកួត នាថ្ងៃទី០៣ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វិញ។

នៅក្នុងពូល A ដែលមាន៤ក្រុមនេះ គឺក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន, ឥណ្ឌូណេស៊ី កម្ពុជា និងអ៊ីរ៉ង់។ មន្ត្រីសារព័ត៌មានសហព័ន្ធបាល់ទាត់កម្ពុជា លោក ចាន់ មិថុនា អះអាងថា បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំនេះ បានសម្រាកការហ្វឹកហាត់ប្រចាំសប្តាហ៍ ដើម្បីជម្រុះស្វែងរកក្រុមយុវជនឆ្នើមៗនៃបញ្ជី២៣នាក់ចុងក្រោយ នាពេលខាងមុខ។ ក្រុមជម្រើសជាតិទាំងនេះត្រូវបានរំសាយការហ្វឹកហាត់ប្រមូលផ្តុំ នៅពហុកីឡដ្ឋានជាតិ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ប៉ុន្តែក្រុមការងារ និងគ្រូបង្គោលជាជនជាតិជប៉ុន លោក Koji Gyotoku នឹងបន្តតាមដានការហ្វឹកហាត់របស់ក្រុមយុវជនទាំងអស់ ដែលអនុញ្ញាតឱ្យទៅបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។

សូមរម្លឹកថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អ លំដាប់ទី៥ ក្រោយប្រកួតនៅវគ្គជម្រុះឈ្នះ៣ប្រកួត និងចាញ់១ប្រកួត នៅក្នុងពូល G កន្លងទៅ។ ការប្រកួត AFC U-19 Championship ដែលប្រទេសអ៊ូសបេគីស្ថានទទួលធ្វើម្ចាស់នេះ តាមពិតគ្រោងនឹងប្រកួត នាខែតុលា ឆ្នាំ២០២០ ប៉ុន្តែពេលនេះបន្តពន្យារពេលរហូតដល់ខែមីនា ឆ្នាំ២០២១វិញ ដោយសារតែជំងឺកូវីដ-១៩ នៅតែបង្កវិបត្តិនេះនៅទូទាំងពិភពលោក។

យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឱ្យដឹងថា AFC U-19 Championship នៅប្រទេសអ៊ូសបេគីស្ថាននេះ គឺចាប់ផ្តើមពីវគ្គជម្រុះក្នុងពូល (Group Stage) ដែលមាន១៦ក្រុម ចែកចេញជា៤ពូលគឺពូលA, B, C និងពូលD។ នៅក្នុងការប្រកួតជម្រុះក្នុងពូល ក្រុមទាំង៤នឹងត្រូវប្រកួតវិលជុំក្នុងពូល ហើយពីរក្រុមខ្លាំងៗលើកំពូលតារាង (៨ក្រុម) នឹងត្រូវឡើងទៅប្រកួតខ្វែងពូល ដោយលេខ១ពូលAប៉ះជាមួយលេខ២ ពូលB, លេខ២ពូលA នឹងប៉ះជាមួយលេខ១ពូលB ខណៈពូលលេខ១ពូលCប៉ះលេខ២ពូលD ហើយលេខ២ពូលCប៉ះជាមួយនឹងលេខ១ពូលD ហើយក្រុមដែលឈ្នះៗឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្ររកឃើញម្ចាស់ជើងឯក៕

ដោយ ហេង ណាលីន