ការចែកអំណោយជនរងគ្រោះដោយទឹកជំនន់​គឺជាការគិតគូរដល់ប្រជាពលរដ្ឋ មិនមែនជាការសម្តែងឡើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ


កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង ដើម្បីជួយឱ្យ ពួកគាត់មានលទ្ធភាពក្នុងការស្តារការដាំដុះឡើងវិញ ដើម្បីធ្វើឱ្យជីវភាពបានល្អប្រសើរ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាកនោះទេ ហើយការចែកស្រូវពូជនិងអំណោយជូនប្រជាពលរដ្ឋរងគ្រោះ គឺមិនមែនជាការសម្តែងដូចក្រុមអគតិ មួយចំនួនលើកឡើងនោះឡើយ។
នេះជាការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកពូជស្រូវចំនួន ៦៦៥តោន ចែកជូនប្រជាពលរដ្ឋចំនួន ៦៦៥០គ្រួសារ ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក នៅក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ៖ «គេថាខ្ញុំចុះមកជួយហ្នឹងគឺមកសម្តែង ថតកុន ថតដាក់ facebook លោកតាលោកយាយពាក្យថាសម្តែង បានន័យថាម៉េច រៀបចំឆាក ម៉ាកក្រយ៉េ រៀបចំប្លង់ថត ថតចប់រើទុកវិញ អ៊ីចឹងគឺថា ដឹកលោកតាលោកយាយទាំងអស់ នៅទីហ្នឹងចូលរួមសម្តែងជាមួយមែន។ បើសិនជាសម្ដែងមែន ពេលពេលចប់កម្មវិធី គឺដឹកលោកតាលោកយាយ ត្រលប់ទៅផ្ទះវិញហើយមែន។ តែវាមិនមែនទេ ទាំងនេះគឺសម្រាប់ជួយលោកតាលោកយាយសម្រាប់ស្ដារឡើងវិញ។ អ៊ីចឹងខ្ញុំចង់បញ្ជូនសារទាំងនេះ ទៅកាន់អ្នកដែលថាខ្ញុំមកសម្តែង អស់លោកថាម៉េចថាចុះ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងចែកជូននៅថ្ងៃនេះ មានឯកអគ្គរដ្ឋទូត តើពួកគាត់ចូលរួមសម្តែងទាំងអស់គ្នាជាមួយខ្ញុំមែន។ យើងមកនេះគឺដើម្បីជួយគ្នាពិតប្រាកដ មិនថាបានតិចឬច្រើន គឺយើងធ្វើដើម្បីជួយគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺរបស់ទាំងអស់នេះ គឺបានទៅដល់ដៃលោកតាលោកយាយអ៊ុំពូមីងត្រលប់ទៅផ្ទះវិញយ៉ាងពិតប្រាកដមិនមែនសម្តែងឡើយ»។
ឯកឧត្តមបញ្ជាក់ថា ប្រជាកសិករទូទាំងខេត្តកំពង់ធំ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ គឺទទួលបានពូជស្រូវចំនួន១០០គីឡូក្រាម ក្នុងមួយគ្រួសារ ដើម្បីយកទៅបង្កបង្កើនផលឡើងវិញ សម្រាប់ដោះស្រាយ ជីវភាព។
សូមបញ្ជាក់ថា ចាប់ពីជំនន់ទឹកភ្លៀងស្រក ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចុះចែកអំណោយជា ស្បៀងអាហារ និងពូជស្រូវ ពូជដំណាំ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះជាបន្តបន្ទាប់ ដើម្បីដាំដុះឡើងវិញក្រោយពីរងផលប៉ះពាល់៕